សភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម ចាប់អារម្មណ៍សក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា
26-08-2026 14:23
(វៀតណាម)៖ ក្នុងឱកាសបំពេញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាទៅបំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក KIM NYOUN HO ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម (KOCHAM) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្កានេះ ភាគីសភាពាណិជ្ជកម្មកូរ៉េ បានគោរពថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តីដែលបានអនុញ្ញាតជូនប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម បានចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនេះផងដែរ ភាគីសភាពាណិជ្ជកម្មកូរ៉េ បាន គូសបញ្ជាក់ជូនលោករដ្ឋមន្ត្រីពីចំណាប់អារម្មណ៍ចំពោះសក្តានុពលទេសចរណ៍កម្ពុជា និងបញ្ជាក់ពីការត្រៀមខ្លូនរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជានាពេលខាងមុននេះ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកប្រធាន និងសមាជិករបស់សភាពាណិជ្ជកម្មដែលបានចាត់ទុកកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងពោរពេញដោយសក្តានុពលខ្ពស់ដូចជាពេជ្រកំពុងរះយ៉ាងចិញ្ចោច សម្រាប់ការពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគរបស់ខ្លួន ស្របពេលដែលវិស័យទេសចរណ៍ ដែលទទួលបាននូវការលើកទឹកចិត្តជាច្រើន និងត្រូវបានចាត់ទុកជា «ជន្ទល់សេដ្ឋកិច្ច» ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ មានមតិស្របគ្នាអំពីការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាង សភាពាណិជ្ជកម្មកូរ៉េនៅប្រទេសវៀតណាម (KOCHAM) និងក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាវិស័យឯកជនកម្ពុជា តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្បុជាទៅកាន់សមាជិកសភាពពាណិជ្ជកម្ម និងការភ្ជាប់បណ្តាញធុរកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរ និងការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជាដ៏សំខាន់ និងប្រកបដោយសក្តានុពលខ្ពស់នាពេលខាងមុខដ៏ឆាប់នេះ៕









