លោកបណ្ឌិត អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៉ីស្លាមម៉ូរីតានី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ
26-08-2026 13:58
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក Mohamed Abdellahi El Boukhary El Vilaly ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៉ីស្លាមម៉ូរីតានី (Islamic Republic of Mauritania) ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានស្វាគមន៍វត្តមានលោកឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៉ីស្លាមម៉ូរីតានីយ៉ាងកក់ក្តៅ និងបានរំលឹកថា សាធារណរដ្ឋអ៉ីស្លាមម៉ូរីតានី គឺជាប្រទេសមួយ ដែលបានបន្សល់នូវអនុស្សាវរីយ៍ ក្នុងអំឡុងពេលលោក Moktar Ould Daddah អតីតប្រធានាធិបតី នៃសាធារណរដ្ឋអ៉ីស្លាមម៉ូរីតានី អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងជាអ្នកដែលបានផ្ដួចផ្ដើម ជាមួយព្រះអង្គម្ចាស់នរោត្តម សីហនុ (សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ) នៅឆ្នាំ១៩៦៨ ដើម្បីធ្វើការសាងសង់ វិហារអន្តរជាតិមួយនៅបឹងកក់ ភ្នំពេញ គឺនៅទីតាំងវិហារអាល់សារកាល់បឹងកក់បច្ចុប្បន្ន តែការសាងសង់មិនទាន់បានរួចរាល់នៅឡើយក៏មានរដ្ឋប្រហារឆ្នាំ១៩៧០ ហើយទីតាំងនេះក៏ត្រូវបានយកធ្វើជាបន្ទាយទាហានជាមូស្លីម រហូតដល់ថ្ងៃដួលរលំនៅឆ្នាំ១៩៧៥។ ប៉ុន្តែបច្ចុប្បន្ននេះ វិហារឥស្លាមអន្តរជាតិនេះ ត្រូវបានសាងសង់ឡើងវិញយ៉ាងស្កឹមស្កៃនៅចំកណ្តាលរាជធានី លើទីតាំងដើមដែលធ្លាប់បានស្នើឡើង ដោយអតីតនាយករដ្ឋមន្ត្រីសាធារណរដ្ឋអ៉ីស្លាមម៉ូរីតានី។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បងប្អូនសាសនិកឥស្លាមនៅកម្ពុជារស់នៅជាមួយសាសនិកនៃសាសនាផ្សេងៗទៀត ដោយសុខដុមរមនា គ្មានការរើសអើងពូជសាសន៍ ឬសាសនាឡើយ ក្នុងនោះ សហគមន៍ឥស្លាម ក៏ទទួលបាននូវសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅ ដោយស្មើមុខស្មើមាត់ក្នុងសង្គម ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនសព្វបែបយ៉ាង។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសក្តានុពលវិស័យកសិកម្មនៅកម្ពុជាផងដែរ ជាពិសេសទាក់ទងនឹងដំណាំស្រូវ និងស្វាយចន្ទី ដែលក្នុងមួយឆ្នាំៗកម្ពុជា មានសមត្ថភាពភាពផលិត ក្នុងបរិមាណយ៉ាងច្រើន។
ជាការឆ្លើយតបលោក Mohamed Abdellahi El Boukhary El Vilaly ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៉ីស្លាមម៉ូរីតានី បានថ្លែងអំណរអរគុណទេសរដ្ឋមន្ត្រី ដែលបានជួបពិភាក្សាការងារនាពេលនេះ ព្រមទាំងបានរំលឹកពីប្រវត្តិវិហារឥស្លាមអន្តរជាតិអាល់សាកាល់។ លោកបានបង្ហាញការអបអរសាទរជាមួយកម្ពុជា ចំពោះសមទ្ធិផលលើវិស័យផ្សេងៗ ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសទើបបានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលឃើញថាមានភាពទំនើប ដែលតំណាងឲ្យភាពរីកចម្រើន និងភាពជឿនលឿន របស់កម្ពុជា។
លោកបានជម្រាបដែរថា ម៉ូរ៉ាតានី ជាប្រទេសមួយស្ថិតនៅទ្វីបអាហ្វ្រិក ដែលមានចម្ងាយឆ្ងាយណាស់ពីកម្ពុជា និងមានអ្នកកាន់សាសនាឥស្លាម ១០០ភាគរយ ដោយប្រកាន់កណ្តាលនិយម និងរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ហើយលោកក៏បានបង្ហាញការសប្បាយរីករាយផងដែរ ដែលនៅកម្ពុជា ប្រជាជនរស់នៅជាមួយគ្នាប្រកបដោយសន្តិសហវិជ្ជមាន។
លោកបានបន្ថែមថា កម្ពុជា និងម៉ូរីតានី មានទំនាក់ទំនងជាមួយគ្នាយូរអង្វែងមក ហើយប្រទេសទាំងពីរ សុទ្ធតែមានសក្តានុពលក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យអាទិភាព ហើយឯកឧត្តមសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងម៉ូរីតានី នឹងមានការរីកចម្រើននៅពេលអនាគត៕











