អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីចុះពិនិត្យស្ថានីយបូមទឹក និងតំបន់ងាយរងគ្រោះ ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់
26-08-2026 11:03
(ភ្នំពេញ)៖ ស្របពេលដែលស្ថានភាពទឹកទន្លេមេគង្គមានការកើនឡើងជាបន្តបន្ទាប់ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានីយបូមទឹកព្រះពន្លា ស្ថិតនៅភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ដើម្បីត្រៀមបង្ការ និងទប់ស្កាត់គ្រោះទឹកជំនន់ដែលអាចកើតមានឡើង។
ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខណ្ឌបានណែនាំដល់មន្ត្រីប្រចាំការស្ថានីយ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាទឹកឡើង និងត្រូវរាយការណ៍ព័ត៌មានបានរហ័សទាន់ពេលវេលា។ ជាមួយគ្នានេះ លោកក៏បានឧបត្ថម្ភជាអង្ករចំនួន ៥០គីឡូក្រាម និងថវិកាចំនួន ១០ម៉ឺនរៀល ដល់ភ្នាក់ងារស្ថានីយបូមទឹកផងដែរ ដើម្បីជាការលើកទឹកចិត្ត។
បន្ថែមពីនេះ លោកអភិបាលខណ្ឌក៏បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងមួយចំនួនទៀត ដែលជាកន្លែងសម្រាប់រំដោះទឹក និងតំបន់ងាយរងគ្រោះដោយទឹកជំនន់ រួមទាំងព្រែកតាអែវ ដែលជាព្រែកដ៏មានសារៈសំខាន់ក្នុងការរំដោះទឹកចេញពីលំនៅឋានប្រជាពលរដ្ឋ។ លោកបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធសហការជាមួយអាជ្ញាធរសង្កាត់ ដើម្បីតាមដានជាប្រចាំពីស្ថានភាពទឹក និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឲ្យបោះចោលសំរាម ឬកាកសំណល់ផ្សេងៗចូលក្នុងប្រព័ន្ធព្រែកប្រឡាយ ដែលជាផ្លូវទឹកសម្រាប់រំដោះទឹកជំនន់។
បន្ទាប់ពីការងារត្រៀមបង្ការទឹកជំនន់ លោក ម៉ូវ ម៉ានិត ក៏បានបន្តដឹកនាំក្រុមការងារចុះពិនិត្យសណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងរៀបចំដាំដើមឈើលម្អ នៅសួនសាធារណៈចន្លោះកណ្ដាលស្ពានព្រះមុនីវង្សចាស់-ថ្មី ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។
សកម្មភាពទាំងនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខណ្ឌចំពោះសុវត្ថិភាព និងបរិស្ថានរបស់ប្រជាពលរដ្ឋ។













