FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បើក និងដឹកនាំសិក្ខាសាលាស្តីពីការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត

25-08-2026 21:52

(ភ្នំពេញ)៖ លោក វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើក និងដឹកនាំសិក្ខាសាលាស្តីពី «ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP)» ដែលសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី និងស្ថានទូតព្រីតថេនភ្នំពេញ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Abigail Fryer អនុប្រធានបេសកកម្មការទូតព្រីតថេនភ្នំពេញ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃអង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្ដ្រី ប្រមាណ ៥០០នាក់។

លោកស្រី Abigail Fryer បានលើកឡើងនូវការគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងគុណភាព តម្លាភាព ប្រសិទ្ធភាពនៃគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្ត។ លិខិតបទដ្ឋានគតិយុត្តល្អ ពិតជាមានសារៈសំខាន់ក្នុងការរួមចំណែកដល់ការកសាងសេដ្ឋកិច្ច ប្រកបដោយភាពរឹងមាំ និងភាពប្រកួតប្រជែង ហើយ RIA ដើរតួនាទីស្នូលនៅក្នុងដំណើរការនេះ។ ទន្ទឹមនេះ គោលនយោបាយជាតិស្ដីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្ត (GRP) គឺមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះវាជះឥទ្ធិពលទៅគ្រប់ផ្នែកនៃសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពខ្ពស់លើការកសាងមូលធនមនុស្ស ការអភិវឌ្ឍសេដ្ឋកិច្ច ការកសាងស្ថាប័ន និងការលើកកម្ពស់អភិបាលកិច្ច។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា ពេលដែលសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ កំណើនប្រកបដោយចីរភាពត្រូវពឹងផ្អែកយ៉ាងសំខាន់លើផលិតភាព នវានុវត្តន៍ និងគុណភាពស្ថាប័ន។ ដូច្នេះ ការកែទម្រង់ប្រព័ន្ធច្បាប់ គឺជាស្នូលដ៏សំខាន់ដែលមិនអាចកាត់ផ្តាច់បានឡើយពីការកែទម្រង់សេដ្ឋកិច្ច និងការកែទម្រង់អភិបាលកិច្ច និងស្ថាប័ន។ ជាមួយគ្នានេះច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាផ្នែកមួយនៃរចនាសម្ព័ន្ធស្ថាប័នក្នុងសេដ្ឋកិច្ច និងការគ្រប់គ្រងប្រទេស។ ការរៀបចំលិខិតបទដ្ឋានគតិយុត្តបានល្អ នឹងជួយការពារពលរដ្ឋ និងផលប្រយោជន៍សាធារណៈ ក៏ដូចជាគាំទ្រដល់វិនិយោគ សហគ្រិនភាព និងការប្រកួតជែង។ ប៉ុន្តែផ្ទុយទៅវិញ ការរៀបចំលិខិតបទដ្ឋានគតិយុត្តមិនបានល្អ ឬអន់ នឹងបង្កើតនូវបន្ទុកមិនចាំបាច់, ការជាន់សមត្ថកិច្ចគ្នា, បង្កើតភាពមិនច្បាស់លាស់, អនុលោមភាពទាប និងបង្អាក់ដល់ការ វិនិយោគ។

ដូចនេះគោលដៅរបស់យើងមិនមែនត្រូវរៀបចំច្បាប់ឱ្យបានច្រើន ឬក៏មិនត្រូវរៀបចំច្បាប់សោះនោះដែរ។ ប៉ុន្តែអ្វីដែលសំខានបំផុត គឺរៀបចំច្បាប់ឱ្យបានល្អ សម្រាប់បម្រើឱ្យគោលបំណងត្រឹមត្រូវច្បាស់លាស់ ហើយយកទៅប្រើប្រាស់ឱ្យត្រូវចំកន្លែង និងអនុវត្តឱ្យបានម៉ឺងម៉ាត់ដោយមិនលើសមិន
ខ្វះ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍ថា ការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តិ (RIA) មិនមែនជារឿងថ្មីទេសម្រាប់កម្ពុជា ប៉ុន្តែជាការដាក់ឱ្យដំណើរការឡើងវិញ ក្នុងដំណើរផ្លូវមួយដ៏វែងឆ្ងាយ ដែលយើងត្រូវរៀបចំប្រព័ន្ធឱ្យរឹងមាំ ពិសេសធ្វើស្ថាប័ននីយកម្ម និងការកសាងសមត្ថភាព ព្រមទាំងការរៀបចំក្របខណ្ឌច្បាប់, គោលនយោបាយ និងវិធានសម្រាប់គ្រប់គ្រងកិច្ចការ RIA។ RIA ជាឧបករណ៍ដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគិតយុត្តឱ្យបានល្អប្រសើរ ដោយផ្អែកការវិភាគស៊ីជម្រៅ និងមានលក្ខណៈវិទ្យាសាស្ត្រ។ យើងគួរធ្វើ RIA នៅមុនពេល ឬស្របពេលរៀបចំសេចក្តីព្រាងច្បាប់ មិនមែនធ្វើ RIA នៅពេលជិតបញ្ចប់សេចក្តីព្រាងនោះទេ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា RIA គឺជាឧបករណ៍មួយក្នុងប្រព័ន្ធនៃលិខិតបទដ្ឋានគតិយុត្ត ប៉ុន្តែ GRP គ្របដណ្តប់លើវដ្តនៃលិខិតបទដ្ឋានគតិយុត្តទាំងមូល ដោយរាប់ចាប់តាំងពី ការកំណត់អត្តសញ្ញាណបញ្ហា, ការវិភាគលើជម្រើស, ការពិគ្រោះយោបល់, ការវាយតម្លៃផលប៉ះពាល់, ការរៀបចំសេចក្ដីព្រាង, ការអនុវត្ត, ការតាមដាន, ការវាយតម្លៃ និងការពិនិត្យឡើងវិញ។ និយាយតាមបែបសាមញ្ញ RIA គឺជាឧបករណ៍សម្រាប់ឆ្លើយតបនឹងសំណួរថា «តើហេតុអ្វីត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តហើយគួររៀបចំតាមវិធីណា» ខណៈ GRP ជាក្របខណ្ឌឆ្លើយតបនឹងសំណួរថា «តើរដ្ឋត្រូវគ្រប់គ្រងការអនុវត្តលិខិតបទដ្ឋានគតិយុត្តនោះយ៉ាងដូចម្តេច»។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា ភាពជោគជ័យនៃយន្តការ RIA គឺអាស្រ័យលើការប្ដេជ្ញាចិត្ត និងសមត្ថភាពរបស់ក្រសួងស្ថាប័នដែលជាអ្នកអនុវត្តផ្ទាល់។ ហេតុនេះ ទីស្តីការគណៈរដ្ឋមន្ត្រីនឹងផ្តល់ការបណ្តុះបណ្តាលដល់ក្រសួង ស្ថាប័ន រហូតដល់អាចអនុវត្តការងារនេះបានដោយខ្លួនឯងប្រកបដោយនិរន្តរភាព។ កម្ពុជាគួរហ៊ានចាយថវិកា ដើម្បីគាំទ្រដល់ការអនុវត្តមុខងារនីតិកម្ម ការកែទម្រង់ច្បាប់ និងមុខងារ RIA ដោយមិនត្រូវរង់ចាំតែជំនួយពីដៃគូអភិវឌ្ឍនោះឡើយ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ថា ក្នុងការផ្លាស់ប្ដូរពីគោលនយោបាយទៅការអនុវត្ត RIA នៅតាមក្រសួង ស្ថាប័ន ទាមទារនូវឱ្យការពង្រឹងប្រព័ន្ធ (System Enhancement) ការអភិវឌ្ឍសមត្ថភាព (Capacity Development) និងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត (Regulatory Delivery) ត្រូវតែធ្វើដំណើរស្របគ្នា មិនអាចរង់ចាំមួយចប់ទើបចាប់ផ្តើមមួយទៀតនោះទេ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ការផ្តួចផ្តើមរៀបចំគោលនយោបាយជាតិស្តីពីការប្រតិបត្តិល្អនៃលិខិតបទដ្ឋានគតិយុត្តនាពេលនេះ គឺពិតជាមានភាពចាំបាច់ និងជួយដោះស្រាយអ្វីដែលជាបញ្ហានៃការអនុវត្តប្រព័ន្ធច្បាប់នៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បញ្ជាក់ឡើងវិញថា GRP ក៏ត្រូវបានគិតគូរ និងជាផ្នែកមួយនៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល រយៈពេល២០ឆ្នាំ ដែលមានសសរស្តម្ភធំពីរ គឺទី១. ការកសាងប្រព័ន្ធច្បាប់ដែលមានបូរណភាពគឺឱ្យមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាពគតិយុត្ត សន្តិសុខគតិយុត្ត ហើយផ្អែកលើឧត្តមានុវត្តន៍អន្តរជាតិ និងផ្អែកលើបរិការណ៍កម្ពុជា និងទី២. គឺការកសាងវប្បធម៌នីតិរដ្ឋ។

តាមរយៈអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បង្ហាញនូវក្តីរំពឹងថាលទ្ធផលនៃការពិភាក្សានឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំគោលនយោបាយខាងលើនេះដែលនឹងជាផែនទីបង្ហាញផ្លូវដ៏រឹងមាំ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាលើកកម្ពស់ធុរកិច្ច និងជីវភាពប្រជាជន ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងបើកទំព័រថ្មីមួយទៀតសម្រាប់កម្ពុជា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយភាពធន់ និងចីរភាពយូរអង្វែង៕