សមត្ថកិច្ចខេត្តឧត្តរមានជ័យ បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស Online Scams ឃាត់ខ្លួនមនុស្ស២នាក់ នៅស្រុកត្រពាំងប្រាសាទ
25-08-2026 21:14
(ឧត្តរមានជ័យ)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅភូមិ ឃុំ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រួមមាន៖ ឈ្មោះ ស៊ឹម សុខធា ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ផាត ស្រីនីត ភេទស្រី អាយុ២២ឆ្នាំ ដែលសុទ្ធសឹងជារស់នៅស្រុកត្រពាំងប្រាសាទ។
ក្នុងនោះ ក៏បានដកហូតវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រចំនួន២គ្រឿង និងទូរសព្ទ iPhone ចំនួន២គ្រឿង ដែលក្នុងនោះមាន iPhone 15 Pro Max ពណ៌ខ្មៅ១គ្រឿង និង iPhone 14 Pro Max ពណ៌ខ្មៅ១គ្រឿង។
បើតាមការបញ្ជាក់របស់លោកអធិការនគរបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ធ្លាប់ធ្វើការនៅកំពង់សោម ហើយបន្ទាប់ពីសមត្ថកិច្ចបង្ក្រាបសកម្មភាព Online Scams នៅតាមទីតាំងមួយចំនួនទូទាំងប្រទេស ពួកគេបានវិលត្រឡប់មករស់នៅក្នុងស្រុកកំណើតវិញ។ ទោះជាយ៉ាងណា តាមការស្រាវជ្រាវរបស់សមត្ថកិច្ច ពួកគេត្រូវបានសង្ស័យថា នៅតែបន្តធ្វើសកម្មភាពក្នុងទម្រង់ដដែល ដោយទទួលការណែនាំពីអ្នកដែលពាក់ព័ន្ធនៅខាងក្រៅ។
លោកបានបន្តថា តាមការស៊ើបអង្កេត ជនសង្ស័យត្រូវបានចោទសង្ស័យថា បានប្រើប្រាស់គណនីបណ្តាញសង្គមតេឡេក្រាមទាក់ទងនឹងប្រជាពលរដ្ឋនៅក្រៅប្រទេស ដើម្បីធ្វើការទំនាក់ទំនងលួងលោម និងបង្កើតភាពជឿជាក់តាមរូបភាព ឬវិធីសាស្ត្រផ្សេងៗ រួចបញ្ជូនគណនី ឬព័ត៌មានដែលប្រមូលបានផ្ញើទៅឱ្យអ្នកនៅពីក្រោយវិញ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗលើជនរងគ្រោះ។
លោកអធិការបានថ្លែងថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានប្រគល់ជូនកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីបន្តសាកសួរ ស្រាវជ្រាវ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
ករណីនេះជាបទពិសោធន៍មួយដែលអាជ្ញាធរ និងសមត្ថកិច្ចនៅតាមមូលដ្ឋាន គួរបង្កើនការយកចិត្តទុកដាក់ និងតាមដានសកម្មភាពជនសង្ស័យដែលធ្លាប់ពាក់ព័ន្ធ ឬធ្លាប់ធ្វើការជាមួយក្រុមដែលមានសកម្មភាពសង្ស័យពាក់ព័ន្ធនឹងបទល្មើសអនឡាញនៅតំបន់ផ្សេងៗ។ដោយសារបុគ្គលទាំងនោះបន្ទាប់ពីវិលត្រឡប់មករស់នៅក្នុងមូលដ្ឋានវិញ សមត្ថកិច្ចគួរតាមដាន និងស្រាវជ្រាវអំពីមុខរបរ សកម្មភាព និងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារបស់ពួកគេ ដើម្បីកំណត់ឱ្យបានថា តើមានសកម្មភាពខុសប្រក្រតី ឬមានឧបករណ៍ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែរ ឬទេ៕









