FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកឯកភ្នំ នាំអំណោយមនុស្សធម៌ជូនគ្រួសារវីរកងទ័ព ដែលមានជំងឺប្រចាំកាយ នៅឃុំព្រែកខ្ពប

25-08-2026 21:12

(បាត់ដំបង)៖ អនុវត្តតាមអនុសាសន៍របស់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ប៊ី សុភាព ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកឯកភ្នំ បានចាត់ក្រុមការងារដឹកនាំដោយលោក ហឿន ឌឿ អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសារវីរកងទ័ពមួយរូប ដែលកំពុងមានជំងឺប្រចាំកាយ ដើម្បីសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។

ពិធីចែកអំណោយនេះបានប្រព្រឹត្តទៅនៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានផ្តល់ជូនលោកយាយ ណយ ទុំ អាយុ ៩៦ឆ្នាំ ដែលត្រូវជាលោកយាយរបស់លោក ឈួន វន្ថា ជាវីរកងទ័ពបម្រើការងារនៅព្រំដែនទិសភ្នំដងរ៉ែក។ បច្ចុប្បន្ន លោកយាយកំពុងមានជរាពាធ និងសម្រាកព្យាបាលនៅគេហដ្ឋាន។ កាយវិការមនុស្សធម៌នេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារវីរកងទ័ពដែលបានលះបង់ដើម្បីជាតិមាតុភូមិ។

អំណោយមនុស្សធម៌ដែលអនុសាខាស្រុកបានផ្តល់ជូនរួមមាន៖ អង្ករចំនួន ២៥ គីឡូក្រាម, មីចំនួន ១កេស, ទឹកស៊ីអ៉ីវចំនួន ២យួរ, ទឹកត្រីចំនួន ២ យួរ, ស្ករសចំនួន ១ គីឡូក្រាម, អំបិលចំនួន ១គីឡូក្រាម, ទឹកសុទ្ធចំនួន ២យួរ និងថវិកាចំនួន ៤០ម៉ឺនរៀល។

អំណោយទាំងនេះនឹងជួយសម្រាលបន្ទុកជីវភាព និងផ្តល់កម្លាំងចិត្តដល់លោកយាយ ណយ ទុំ ក្នុងការបន្តការព្យាបាល និងរស់នៅប្រចាំថ្ងៃ។ សកម្មភាពមនុស្សធម៌នេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងសហគមន៍៕