រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចសន្ទនាគោលនយោបាយទី៣ ការពង្រឹងសកម្មភាពសភា និងភាពជាដៃគូពហុភាគី ដើម្បីសន្ដិសុខស្បៀង និងអាកាសធាតុ
25-08-2026 20:02
(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាគោលនយោបាយទី៣ ស្ដីពីការពង្រឹងសកម្មភាពសភា និងភាពជាដៃគូពហុភាគី ដើម្បីសន្ដិសុខស្បៀង និងអាកាសធាតុ៖ ការជំរុញរបៀបវារៈអាស៊ានស្ដីពី ការវិនិយោគប្រកបដោយការទទួលខុសត្រូវលើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ(ASEAN RAI) ដែលសហការរៀបចំដោយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលេខាធិការដ្ឋានអាយប៉ា នៅសាលសន្និសីទបន្ទាយស្រី នៃវិមានរដ្ឋសភា។
កិច្ចសន្ទនានេះគឺជា វេទិកាមួយសម្រាប់សមាជិកសភា និងភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីផ្លាស់ប្ដូរទស្សនវិស័យលើរបៀបដែលភាពជាដៃគូពហុភាគីអាចរួមចំណែកដល់ការពង្រឹងសន្ដិសុខស្បៀង ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយការទទួលខុសត្រូវ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទូទាំងតំបន់អាស៊ាន។ លើសពីនេះ កិច្ចពិភាក្សានឹងស្វែងយល់ពីតួនាទីបំពេញឱ្យគ្នាទៅវិញទៅមករបស់ភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីចែករម្លែកទស្សនៈក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគប្រកបដោយចីរភាព និងបរិយាបន្នក្នុងវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ។
សូមបញ្ជាក់ថា កិច្ចសន្ទនាគោលនយោបាយទី៣ ប្រព្រឹត្តទៅក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានវត្តមានចូលរួមពីវាគ្មិនកិត្តិយសចំនួនប្រាំរូបគឺ លោក វេង សាខុន សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភានៃកម្ពុជា លោកស្រី Lindia Norberta Dos Santos Martins សមាជិកនៃសភាជាតិទីម័រឡេស្ដេ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ីម នឿន អគ្គលេខាធិការនៃសមាគមភាពជាដៃគូកម្ពុជាដើម្បីអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទ(ខាំបូដ្រា) និងលោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី៕
















