FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រៀបចំសន្និបាតអាណត្តិទី៦ ដើម្បីពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ

25-08-2026 15:38

(ព្រះវិហារ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានរៀបចំសន្និបាតសាខាអាណត្តិទី ៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ប្រាក់ សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ, លោក គីម រិទ្ធី ប្រធានគណ:កម្មាធិការ សាខាខេត្តអាណត្តិទី៥ និងជាអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ ព្រមទាំងគណ:កិត្តយសសាខា សមាជិក-សមាជិកាពេញសិទ្ធិ នៃគណៈកម្មាធិការអាណត្តិទី៥ សមាសភាពអាណត្តិទី៦ មន្ត្រីនៅមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីអនុសាខា ទាំង៨ ក្រុង-ស្រុក និងមន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុប ២២០នាក់។

គោលបំណងសំខាន់នៃសន្និបាតនេះ ដើម្បីពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦, ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

ចំពោះសេចក្តីព្រាងរបាយការណ៍ផែនសកម្មភាពការងារសាខាអាណត្ដិទី៥ និងទិសដៅការងារសម្រាប់អាណត្តិទី៦ ដែលរាយការណ៍ដោយលោក ពឹង ទ្រីដា អនុប្រធានគណៈកម្មាធិការ សាខាអាណត្ដិទី៥ និងសេចក្តីព្រាងរបាយការណ៍ ការងារហិរញ្ញវត្ថុ ក្នុងអាណត្ដិទី៥ និងទិសដៅការងារហិរញ្ញវត្ថុ សម្រាប់អាណត្តិទី៦ ដែលរាយការណ៍ ជូនដោយ លោក អ៊ាង វណ្ណថា ហេរញ្ញិក គណៈកម្មាធិការសាខាអាណត្ដិទី៥ ក៏មានការចូលរួមមតិយោបល់គាំទ្រនិងផ្តល់ធាតុចូលពីអស់ លោក លោកស្រី តំណាង អនុសាខា កាកបាទក្រហមកម្ពុជា តាមបណ្តា ក្រុង-ស្រុកទាំង៨ ក្នុងខេត្តមុននឹងដាក់ជូនអង្គសន្និបាត ធ្វើការអនុម័តផងដែរ។ បន្តមកក្រោយពីប្រកាសរំសាយ គណៈកម្មាធិការសាខាអាណត្ដិទី៥ និងប្រកាសសមាសភាពបេក្ខជនគណៈកម្មាធិការ សាខាសម្រាប់អាណត្ដិទី៦ ចំនួន១៥រូប រួចមកអង្គសន្និបាតបានដំណើរការបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី៦ ដោយការបោះឆ្នោតនេះគឺជាការបោះឆ្នោតជាកញ្ចប់ និងសំងាត់។ ក្រោយដំណើរបោះឆ្នោតរួចជាលទ្ធផលអង្គសន្និបាត បានគាំទ្រសមាសភាពទាំង១៥រូប របស់គណ:កម្មាធិការ សាខាអាណតិ្តទី៦ ដោយសំឡេង ៥៧លើ ៥៩សំឡេង។

អនុវត្តតាមនីតិវិធីគណ:កម្មាធិការសាខាទើបជាប់ឆ្នោតថ្មី បានបើកកិច្ចប្រជុំលើកដំបូង ជ្រើសរើសបេក្ខភាព ប្រធាន អនុប្រធាន ហេរញ្ញិក និងលេខាធិការ ដើម្បីបន្តសុំការអនុម័តពីអង្គសន្និបាត។ ជាលទ្ធផលអង្គសន្និបាត បានអនុម័តគាំទ្រ ដោយទទួលយកបេក្ខភាពគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្រាប់អាណតិ្តទី៦រួមមាន៖ លោក គីម រិទ្ធី ជាប្រធាន, លោកស្រី សុខា គងពិសី ជាអនុប្រធានអចិន្ត្រៃយ៍, លោក សំ លាងទ្រី ជាអនុប្រធាន, លោក ពឹង ទ្រីដា ជាអនុប្រធាន, លោក ម៉ុម សុទ្ធារ៉ា ជាហេរញ្ញិក, លោកស្រី ឈុន សុធារី ជាលេខាធិការ, លោក រស់ ស៊ីផា ជាសមាជិក, លោក ចាប កុយ ជាសមាជិក, លោក គួង ឡូ ជាសមាជិក, លោក ម៉ប់ ធីរិត ជាសមាជិក, លោកស្រី ហែម សុគន្ធពីសី ជាសមាជិក, លោក ស៊ុន ច័ន្ទរក្សា ជាសមាជិក, លោកស្រី ស៊ាន សុគីន ជាសមាជិក, លោក ស សាវេត ជាសមាជិក, លោកស្រី គឹម គន្ធារីន ជាសមាជិក។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានប្រគល់សេចក្តីសម្រេច និងតែងតាំងប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សរុបចំនួន៥៥នាក់ ជូនលោក ប្រាក់ សុវណ្ណ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ។

សក្ខីភាពឆ្លើយតបចំពោះទំនុកចិត្ត របស់អង្គសន្និបាតនាពេលនេះ តាងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អាណត្តិទី៦ លោក គីម រិទ្ធី បានប្តេជ្ញាចិត្ត៖
១៖ ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧របស់ចលនា
២៖ យកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ លក្ខខណ្ឌវិនិច្ឆ័យ ក្នុងការដឹកនាំសាខាឲ្យកាន់តែមានប្រសិទ្ធភាព យកចិត្តទុកដាក់លើមូលដ្ឋានគ្រឹះ ដើម្បីបង្កើនសមត្ថភាពការបំពេញការងារ ភារកិច្ចមនុស្សធម៌ឲ្យបានជោគជ័យ។
៣៖ រក្សាសាមគ្គីភាពនៅក្នុងជួរគណៈកម្មាធិការសាខា និងទទួលយកការពិគ្រោះយោបល់ជាមួយគណៈកិត្តិយសសាខា និងឯកភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម ដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤៖ ដឹកនាំ និងចង្អុលទិស ក្រុមប្រតិបត្តិសាខា ឲ្យអនុវត្តឲ្យបានល្អនូវភារកិច្ច ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ឆ្នាំ២០២១-២០៣០ ដែលក្នុងនោះមានទិសដៅយុទ្ធសាស្ត្រចំនួន៥ រួមមាន៖ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ, សុខភាព និងការថែទាំសុខភាពសហគមន៍, ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌, និងការអភិវឌ្ឍស្ថាប័ន។
៥៖ បង្កើនគំនិតក្នុងការកៀងគរមូលនិធិ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីបម្រើការងារមនុស្សធម៌របស់សាខា និងយកចិត្តទុកដាក់ណែនាំទៅដល់គ្រប់អនុសាខា ឲ្យបំពេញតួនាទី ភារកិច្ចមនុស្សធម៌ឲ្យបានល្អ ស្របតាមអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា។
៦៖ យកចិត្តទុកដាក់បន្តការងារពង្រឹង ពង្រីកអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន ឲ្យចូលរួមនៅក្នុងសកម្មភាពអប់រំ សុខភាពសហគមន៍, យកចិត្តទុកដាក់ពង្រឹង និងពង្រីកសកម្មភាពយុវជនកាកបាទក្រហមកម្ពុជានៅគ្រឹះស្ថានសិក្សានានា ជាគំរូនៅក្នុងការងារមនុស្សធម៌នៅក្នុងសង្គម។ បន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិ ក្នុងប្រតិបត្តិការមនុស្សធម៌ រួមបក្សកម្លាំង ដើម្បីរួមចំណែកក្នុងការកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។

ក្នុងឱកាសបិទសន្និបាតនោះដែរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនអង្គសន្និបាត ដោយបានវាយតម្លៃខ្ពស់ចំពោះគណៈកិត្តិយស និងគណៈកម្មាធិការសាខាអាណត្តិទី៥ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ពិសេសការគ្រប់គ្រង និងបានចូលរួមក្នុងជួយសម្របសម្រួល ចែកអំណោយ អប់រំផ្សព្វផ្សាយការថែរក្សាសុខភាព ជូនប្រជាជនភៀសសឹក ក្នុងអំឡុងពេលមានសង្គ្រាមតាមព្រំដែននៅឆ្នាំ២០២៥ និងការសម្រេចបានសមិទ្ធផលតាមយុទ្ធសាស្ត្រ ២០២០-២០៣០។

លោកស្រីអគ្គលេខាធិការ បានបន្តថា «អាណត្តិនៃសាខាកាកបាទក្រហមកម្ពុជា មានរយៈពេល៦ឆ្នាំ ដោយឡែក អាណត្តិទី៥ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពន្យារពេលរហូតដល់៧ឆ្នាំ គឺដោយសារប្រទេសជាតិជួបប្រទះគ្រោះមហន្តរាយផ្សេងៗ រហូតដល់មានទំនាស់សង្គ្រាមនៅតាមព្រំដែន ដែលជាហេតុផលសមស្រប និងចាំបាច់»។

លោកស្រីបានបញ្ជាក់បន្ថែមទៀតថា «កាកបាទក្រហមកម្ពុជា ទីស្នាក់ការកណ្តាល នឹងការកែទម្រង់លក្ខខណ្ឌអន្តិកៈ និងអាណត្តិការងារនឹងកំណត់ឡើងវិញត្រឹម ៤ឆ្នាំម្តង (ដូចសមាគមជាតិលើពិភពលោក) នៅក្នុងមហាសន្និបាតអាណត្តិទី៧ ខាងមុខ ដោយសារការងាររដ្ឋបាល និងហិរញ្ញវត្ថុមិនត្រូវទុកឱ្យមនុស្សដដែលកាន់កាប់យូរពេកឡើយ។ គណៈអភិបាលត្រូវតែមានការផ្លាស់ប្តូរយ៉ាងតិច ៣០% ទៅ ៤០% ក្នុងមួយអាណត្តិៗ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិត ហើយ ការងារសវនកម្ម (ទាំងផ្ទៃក្នុង និងក្រុមហ៊ុនសវនកម្មឯករាជ្យខាងក្រៅ) ត្រូវតែផ្លាស់ប្តូរជាទៀងទាត់ (យ៉ាងយូរ ៤ឆ្នាំម្តង) ដើម្បីធានាតម្លាភាព និងគណនេយ្យភាព។

មុននឹងបញ្ចប់ពិធីបិទនៃអង្គសន្និបាត លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានធ្វើការរតម្រង់ទិសជូនក្រុមប្រតិបត្តិសាខា ជាពិសេសអនុសាខា៖

* គណៈកិត្តិយសថ្នាក់អនុសាខាមានភារកិច្ចសំខាន់ ក្នុងការកៀងគរមូលនិធិ និងគាំទ្រដល់គណៈកម្មាធិការអនុសាខា ដើម្បីឱ្យមានលទ្ធភាពដំណើរការសកម្មភាពមនុស្សធម៌ក្នុងមូលដ្ឋានបានទាន់ពេលវេលា។

* ពង្រឹងសមត្ថភាពថ្នាក់អនុសាខាឱ្យហ៊ានទទួលខុសត្រូវ ឆ្លើយតបសង្គ្រោះពលរដ្ឋរងគ្រោះកម្រិត ៥ ទៅ ១០គ្រួសារ (ដូចជាករណីឆេះផ្ទះ) ដោយប្រើប្រាស់ឃ្លាំង និងធនធានផ្ទាល់ខ្លួន ដោយមិនបាច់រង់ចាំជំនួយពីថ្នាក់សាខាឡើយ៕