FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថបើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបករណីប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣០នាក់នៅក្រុងប៉ោយប៉ែត (Video inside)

25-08-2026 15:15

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ដើម្បីទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសប្រើប្រាស់សារធាតុញៀនខុសច្បាប់ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៣០ នាក់ជាបន្តបន្ទាប់។

ប្រតិបត្តិការនេះធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបោសសម្អាតករណីក្មេងទំនើងប្រើប្រាស់គ្រឿងញៀន ដែលកន្លងមកបានបង្កអសន្តិសុខក្នុងក្រុងប៉ោយប៉ែតជាប្រចាំ តាមរយៈសកម្មភាពលួច ឆក់ និងប្រើប្រាស់គ្រឿងញៀន។ ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង ៣០នាក់ ត្រូវបាននាំមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង។

បន្ទាប់ពីការសាកសួរ និងមានវត្ថុតាងជាក់ស្តែង កម្លាំងជំនាញនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា ការបង្ក្រាបនេះធ្វើឡើងក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ត។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។

ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងកម្លាំងអាវុធហត្ថ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋ៕

ទស្សនាវិដេអូ៖ https://t.me/freshnewsasia/295430