មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍជនបទ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង និងសំណង់សិល្បការ្យ នៅឃុំកណ្តឹង ស្រុកបាទី
25-08-2026 15:11
(តាកែវ)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ១.៤៤០ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់ សិល្បការ្យផ្សេងៗ នៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
នាឱកាសនោះលោក អ៉ិន ចន្ថា បានបញ្ជាក់ឱ្យដឹងថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តផ្លូវនៅតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ មានផ្លូវ មានទឹក មានភ្លើង ដែលជាគោលដៅអភិវឌ្ឍន៍ជាតិដ៏សំខាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋឱ្យមានភាពប្រសើរឡើង។ ក្រសួងក៏បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពីតំបន់ជនបទដែលគ្មានផ្លូវ មកមានផ្លូវធ្វើដំណើរបាន ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សម្រាប់ផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។
លោករដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងទៀតថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាព មកដល់ពេលនេះ បណ្តាញផ្លូវនៅតាមជនបទ បាននិងកំពុងបន្តអភិវឌ្ឍន៍ជាហូរហែរ ដោយសម្រេបានសមិទ្ធិផលជាទីមោទនៈ ពោលគឺតំបន់ដែលគ្មានផ្លូវមកមានផ្លូវ, តំបន់ដែលមានផ្លូវពិបាក មកមានផ្លូវធ្វើដំណើរបានស្រួល ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ជាពិសេសបាននិងកំពុងប្រែក្លាយពីផ្លូវក្រាលល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដែលនេះជា ការលើកកម្រិតផ្លូវនៅជនបទឱ្យកាន់តែប្រសើរ។
នាឱកាសនោះដែរ លោក អ៉ិន ចន្ថា ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារ ស្ថាបនាផ្លូវ និងថែទាំផ្លូវរហូតដល់បញ្ចប់សុពលភាព ព្រោះផ្លូវមានសារៈសំខាន់ណាស់ និងជាសរសៃឈាមនៃសេដ្ឋកិច្ច ជាក់ស្តែងផ្លូវ ជនបទនេះដើម បានតភ្ជាប់ជួយសម្រួលដល់ការធ្វើដំណើរពីភូមិទៅឃុំ ឬស្រុក-ក្រុង និងទៅខេត្តកាន់តែងាយស្រួល និងឆាប់រហ័ស។
ចំណែកការដឹកជញ្ជូនសម្រួលដល់កសិករដឹកជញ្ជូនស្រូវ និងដំណាំផ្សេងៗយកទៅលក់នៅទីផ្សារបានទាន់ពេលវេលា និងចំណាយតិច។ ចំពោះទាក់ទងអភិវឌ្ឍសេដ្ឋកិច្ច, បណ្តាញផ្លូវក៏ជាការទាក់ទាញសេវាកម្ម និងការពង្រីកទីផ្សារមូលដ្ឋានឱ្យកាន់តែទូលំទូលាយផងដែរ៕















