FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តកំពង់ធំ សហការបង្ក្រាបក្រុមឆក់ទូរសព្ទ និងប្លន់ម៉ូតូ៧នាក់

25-08-2026 15:07

(កំពង់ធំ)៖ ដោយមានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ, កម្លាំងនគរបាលបានសហការគ្នាយ៉ាងសកម្មក្នុងការតាមប្រមាញ់ និងបង្ក្រាបក្រុមជនសង្ស័យ ដែលធ្វើសកម្មភាពឆក់ទូរសព្ទក្នុងស្រុកស្ទោង និងសង្ស័យមានជាប់ពាក់ព័ន្ធនឹងមុខសញ្ញាប្លន់កាប់យកម៉ូតូនៅខេត្តផ្សេងទៀត។

ប្រតិបត្តិការនេះបានឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ និងដកហូតម៉ូតូចំនួន៣គ្រឿង ខណៈជនសង្ស័យចំនួន២នាក់ទៀតបានរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៤៖០០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ក្រុមជនសង្ស័យមានគ្នាប្រមាណ៩នាក់ ជិះម៉ូតូចំនួន៤គ្រឿង បានធ្វើសកម្មភាពឆក់ ទូរសព្ទពីជនរងគ្រោះ រួចនាំគ្នាជិះម៉ូតូគេចខ្លួន។

ក្រោយកើតហេតុ ជនរងគ្រោះបានដេញតាមរហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលចំណាមក្រោម ស្រុកស្ទោង ហើយកម្លាំងនគរបាលប៉ុស្តិ៍បានរាយការណ៍ជូនអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីចាត់វិធានការអន្តរាគមន៍។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុកស្ទោងបានចេញប្រតិបត្តិការតាមប្រមាញ់ និងស្ទាក់ចាប់ក្រុមជនសង្ស័យ ដោយឃាត់ខ្លួនបានចំនួន៤នាក់។ ជាមួយគ្នានេះ កម្លាំងនគរបាលស្រុកកំពង់ស្វាយ និងកម្លាំងនគរបាលក្រុងស្ទឹងសែន ក៏បានចូលរួមសហការកាត់ផ្តាច់ផ្លូវ និងតាមស្វែងរកមុខសញ្ញាបន្ត រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀត។ សរុបជាលទ្ធផល សមត្ថកិច្ចបង្ក្រាបបានជនសង្ស័យចំនួន៧នាក់ និងដកហូតម៉ូតូចំនួន៣គ្រឿង។

តាមការស្រាវជ្រាវជំហានដំបូង សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យមួយចំនួនអាចជាមុខសញ្ញាដែលមានជាប់ពាក់ព័ន្ធនឹងករណីប្លន់កាប់យកម៉ូតូ ដែលបានកើតឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ ហើយជនសង្ស័យទាំងនេះត្រូវបានអះអាងជាបឋមថា មានទីលំនៅក្នុងខេត្តកណ្តាល។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែម ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្វែងរកជនសង្ស័យ ចំនួន២នាក់ទៀតដែលបានរត់គេចខ្លួន៕