FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងចម្រុះខេត្តស្វាយរៀង បង្ក្រាបទីតាំងឆបោកអនឡាញ ឃាត់ខ្លួនជនបរទេស ១៣នាក់ នៅក្រុងបាវិត

25-08-2026 14:55

(ស្វាយរៀង)៖ កម្លាំងចម្រុះខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងចំនួន ៦ កន្លែង ក្នុងក្រុងបាវិត ដោយបានរកឃើញជនបរទេស សង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ចំនួន ១៣នាក់ ព្រមទាំងដកហូតសម្ភារៈអេឡិចត្រូនិចមួយចំនួនធំ។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ កម្លាំងចម្រុះរួមមាន កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត បានចុះត្រួតពិនិត្យនៅភូមិបាវិតលើ និងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ជាលទ្ធផល ក្រុមការងារបានរកឃើញជនសង្ស័យសរុបចំនួន ១៣នាក់ (ស្រី ២នាក់) ក្នុងនោះមានជនជាតិវៀតណាម ៩នាក់ (ស្រី ២នាក់) និងជនជាតិឥណ្ឌូនេស៊ី ៤នាក់។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាច្រើនរួមមាន កុំព្យូទ័រលើតុ (All-in-One) កុំព្យូទ័រយួរដៃ iPad ទូរស័ព្ទដៃចម្រុះ និងលិខិតឆ្លងដែនមួយចំនួនធំ ដែលសង្ស័យប្រើប្រាស់សម្រាប់សកម្មភាពឆបោកអនឡាញ។

បច្ចុប្បន្ន ក្រោមការឯកភាពពីតំណាងអយ្យការ កម្លាំងចម្រុះបានសម្រេចបិទសៀល (Seal) ទីតាំងទាំង ៦ កន្លែងជាបណ្តោះអាសន្ន។ ចំណែកជនសង្ស័យទាំង ១៣នាក់ ព្រមទាំងវត្ថុតាងជាសម្ភារៈអេឡិចត្រូនិចទាំងអស់ ត្រូវបានប្រគល់ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់ និងស្រាវជ្រាវរកបណ្តាញពាក់ព័ន្ធបន្ថែមទៀត៕