FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ម៉ែន សំអន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំថវិកាជូនដល់វីរកងទ័ពឈរជើងនៅប្រាសាទតាមាន់ធំ លោកព្រិន្ទបាលទោ សំ សារ៉ុង ធ្លាក់ខ្លួនឈឺធ្ងន់

25-08-2026 14:47

(ស្វាយរៀង)៖ ក្រោយទទួលបានព័ត៌មានពីស្ថានភាពជំងឺរបស់វីរកងទ័ពជួរមុខ ដែលបានមកសម្រាកព្យាបាលនៅស្រុកកំណើត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី យ៉ក់ ស៊ីណាត អភិបាលរងខេត្តស្វាយរៀង បាននាំយកថវិការបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ចំនួន ៥០០ដុល្លារ និងថវិកាលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី ចំនួន ៥០០ដុល្លារ ឧបត្ថម្ភដល់លោកព្រិន្ទបាលទោ សំ សារ៉ុង។

លោកព្រិន្ទបាលទោ សំ សារ៉ុង វីរកងទ័ពដ៏ក្លាហានដែលបានឈរជើងការពារបូរណភាពទឹកដីនៅប្រាសាទតាមាន់ធំ អត្តលេខ២៣៧៣៤៦ នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពីបានទទួលការវះកាត់សាច់កាចនៅត្រង់ត្រគាកចំនួនពីរលើក។

ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនលោកព្រិន្ទបាលទោ សំ សារ៉ុង មកកាន់គេហដ្ឋាននៅស្រុកកំណើត ក្នុងភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកព្រិន្ទបាលទោ សំ សារ៉ុង បានរងរបួសក្នុងពេលបំពេញបេសកកម្មប្រយុទ្ធជាមួយកងទ័ពសៀម ព្រមទាំងរងគ្រោះដោយសារផ្សែងពុលផងដែរ។ បច្ចុប្បន្នលោកមានកូន ៤នាក់ ដែលកំពុងជួបការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង រហូតដល់ត្រូវបង្ខំចិត្តឈប់រៀន ដោយសារគ្រួសារគ្មានដីផ្ទាល់ខ្លួន និងធ្លាប់បាត់បង់ផ្ទះសម្បែងដោយសារអគ្គិភ័យក្នុងអំឡុងពេលទាហានសៀមឈ្លានពាន ហើយបច្ចុប្បន្ននេះមករស់នៅស្រុកកំណើតខាងប្រពន្ធ ក៏គ្មានដីសម្រាប់ ធ្វើផ្ទះនោះទេ ដោយជួលដីគេសង់ខ្ទមតូចមួយគ្រាន់តែបានរស់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ។

ក្នុងឱកាសនោះ លោកព្រិន្ទបាលទោ សំ សារ៉ុង និងក្រុមគ្រួសារសូមលើកម្រាមដៃដប់គោរពអរគុណដល់សម្ដេច ម៉ែន សំអន និងលោកអភិបាលខេត្តស្វាយរៀង និងភរិយាដែលបានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសាររបស់លោក ដែលកំពុងជួបការខ្វះខាត៕