ក្រសួងសាធារណការ និង ADB ប្រជុំពីគម្រោងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពផ្លូវដែកនៅកម្ពុជា
25-08-2026 14:11
(ភ្នំពេញ)៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំជំនួបពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ដីពីគម្រោងជំនួយបច្ចេកទេសសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសុវត្ថិភាពផ្លូវដែកនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង លោកប្រធាននាយកដ្ឋានផ្លូវដែក ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ។
ជំនួបពិភាក្សានេះមានគោលបំណងពិភាក្សា និងពិនិត្យលើលទ្ធភាពនៃការគាំទ្រផ្នែកបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដល់ផែនការអាទិភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងសុវត្ថិភាពផ្លូវដែក ព្រមទាំងកំណត់វិសាលភាព និងចំណុចអាទិភាពសម្រាប់ការរៀបចំ និងអនុវត្តគម្រោងមួយនេះប្រកបដោយភាពរលូន និងគ្រប់ជ្រុងជ្រោយ។
ក្នុងឱកាសនោះលោកស្រី កុយ សុដានី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូននាពេលកន្លងមក។ ទន្ទឹមនឹងនេះ លោកជំទាវបានស្នើឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការរៀបចំគម្រោងជំនួយបច្ចេកទេសនេះឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់សុវត្ថិភាពផ្លូវដែកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕















