FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចង់មានជំនាញច្បាស់លាស់ និងឆាប់ទទួលបានឱកាសការងារ សិស្សជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថាន NIEI ណែនាំសិស្សទើបចប់បាក់ឌុបពិចារណាចូលរៀន TVET

25-08-2026 13:50

(ភ្នំពេញ)៖ យុវជន សុខ តុងហួរ ជានិស្សិតកំពុងសិក្សាជំនាញវិស្វកម្មអគ្គិសនី នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចែករំលែកបទពិសោធន៍នៃការជ្រើសរើសការសិក្សាជំនាញបច្ចេកទេស និងបានណែនាំដល់សិស្សានុសិស្ស ដែលទើបបញ្ចប់បាក់ឌុប ឱ្យពិចារណាជ្រើសរើសការសិក្សា TVET ដើម្បីទទួលបានជំនាញច្បាស់លាស់ និងឆាប់ទទួលបានឱកាសការងារ។

លោក សុខ តុងហួរ បានឱ្យដឹងថា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រូបលោកមិនទាន់មានគោលដៅច្បាស់លាស់ថា តើត្រូវបន្តការសិក្សាជំនាញអ្វីឡើយ។ ប៉ុន្តែបន្ទាប់ពីបានស្វែងយល់បន្ថែមអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងឃើញថា មានជំនាញជាច្រើនសម្រាប់ជ្រើសរើស ព្រមទាំងមានឱកាសទទួលបានអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ទើបសម្រេចចិត្តជ្រើសរើសជំនាញវិស្វកម្មអគ្គិសនី។

លោកបានបន្ដថា៖ «កាលខ្ញុំប្រឡងទី១២ចប់ដំបូង គឺអត់ទាន់មានទិសដៅច្បាស់លាស់ទេ តែពេលខ្ញុំស្រាវជ្រាវបន្ថែម ឃើញវិស័យ TVET មានទាំងការផ្តល់អាហារូបករណ៍ និងប្រាក់ឧបត្ថម្ភ ទើបខ្ញុំសម្រេចចិត្តមករៀនជំនាញវិស្វកម្មអគ្គិសនីនៅវិទ្យាស្ថាន NIEI»

ក្នុងរយៈពេលជិត១ឆ្នាំនៃការសិក្សានៅ NIEI លោក សុខ តុងហួរ ពេញចិត្តចំពោះរបៀបបណ្តុះបណ្តាលដែលផ្តោតលើការផ្សារភ្ជាប់រវាងទ្រឹស្តី និងការអនុវត្ត។ លោកថា កម្មវិធីសិក្សាដែលផ្តោតប្រមាណ៧០ភាគរយលើការអនុវត្ត និង៣០ភាគរយលើទ្រឹស្តី ជួយឱ្យនិស្សិតមានឱកាសច្រើន ក្នុងការអនុវត្តផ្ទាល់ជា មួយឧបករណ៍ និងបច្ចេកទេសពាក់ព័ន្ធនឹងជំនាញដែលកំពុងសិក្សាធ្វើឱ្យឆាប់ចេះឆាប់ទទួលផល។

បើតាមលោក តុងហួរ ការសិក្សាជំនាញវិស្វកម្មអគ្គិសនីនៅ NIEI បានផ្តល់ឱកាសឱ្យរូបលោកទទួលបាននូវបទពិសោធន៍អនុវត្តជាក់ស្តែង តាមរយៈការសិក្សាជាមួយលោកគ្រូ អ្នកគ្រូដែលមានជំនាញ និងបទពិសោធន៍ ព្រមទាំងការប្រើប្រាស់បន្ទប់ពិសោធន៍ ឧបករណ៍បច្ចេកទេស និងរោងជាង ដែលជួយបង្កើនសមត្ថភាព និងទំនុកចិត្តក្នុងការអនុវត្តការងារ។

ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន យុវជន សុខ តុងហួរ បានអំពាវនាវដល់សិស្សានុសិស្សដែលទើបបញ្ចប់បាក់ឌុប និងកំពុងស្ទាក់ស្ទើរ ក្នុងការជ្រើសរើសជំនាញសិក្សាបន្តឱ្យស្វែងយល់ពីឱកាសនៅក្នុងវិស័យ TVET និងជ្រើសរើសជំនាញដែលស្របនឹងចំណាប់អារម្មណ៍និងតម្រូវការ ទីផ្សារការងារ៕