ក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជា ផ្សព្វផ្សាយពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ» ជូនដល់សក្ខាកាម នៅខេត្តពោធិ៍សាត់
25-08-2026 12:23
(ពោធិ៍សាត់)៖ នាថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់ ស្តីពី «សមិទ្ធផលធម្មនុញ្ញសម្រេចបាន ក្នុងរយៈពេល៣០ឆ្នាំ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ី សោភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅឯសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្តពោធិ៍សាត់។
ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោកប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងប្រតិភូថ្នាក់ជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសក្ខាកាម សរុបប្រមាណ៣៥០នាក់ ដែលប្រារព្ធឡើងស្របតាមស្មារតីលិខិតលេខ ៣៧០សជណ/អ.រ.ប របស់ក្រសួងមហាផ្ទៃ។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូថ្នាក់ជាតិ គឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ខេត្ត។ លោកអភិបាលខេត្តបានលើកឡើងថា ការយល់ដឹងអំពីរដ្ឋធម្មនុញ្ញ នឹងជួយលើកកម្ពស់ស្មារតីគោរពច្បាប់ ការគោរពសិទ្ធិសេរីភាព និងការបំពេញកាតព្វកិច្ចពលរដ្ឋ ក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងការអភិវឌ្ឍ។
រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីរដ្ឋធម្មនុញ្ញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីធានាឱ្យរាល់សកម្មភាពរដ្ឋបាលប្រព្រឹត្តទៅដោយតម្លាភាព គណនេយ្យភាព និងបម្រើផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ។
មានប្រសាសន៍ក្នុងពិធីនោះ លោក ហ៊ី សោភា បានគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្ត្រខ្មែរគ្រប់និន្នាការនយោបាយ។ រដ្ឋធម្មនុញ្ញនេះបានតាក់តែងបញ្ចូលយ៉ាងសុខដុមរមនារវាង គុណតម្លៃប្រពៃណីខ្មែរ (ជាតិ សាសនា ព្រះមហាក្សត្រ) និងគុណតម្លៃធម្មនុញ្ញទំនើប (ប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ) ព្រមទាំងខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកប្រធានបានសង្កត់ធ្ងន់ថា ការបន្សាំបន្ស៊ីគ្នារវាងគុណតម្លៃទាំងពីរ បានបង្កនូវកម្លាំងសម្របសម្រួល និងជំរុញរួមគ្នា ក្នុងការដោះស្រាយបញ្ហានយោបាយ និងច្បាប់ ដោយរក្សាបាននូវភាពសុខដុមរមនាក្នុងសង្គម ញុំាងឱ្យរដ្ឋធម្មនុញ្ញ និងរបបនយោបាយមានស្ថិរភាពរយៈពេលវែង៣០ឆ្នាំ (ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣)។
លោកបានបន្ថែមថា ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានផ្តល់លក្ខខណ្ឌអំណោយផលដល់កម្ពុជា ក្នុងការអនុវត្តរដ្ឋធម្មនុញ្ញប្រកបដោយជោគជ័យ ដែលសម្រេចបាននូវសមិទ្ធផលស្នូលចំនួន៤គឺ៖
ទី១.ការការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ទី២.ការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ទី៣.ការឈានឡើងជាសង្គមនីតិរដ្ឋ។
ទី៤.ការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ព្រមទាំងការលើកស្ទួយយុត្តិធម៌សង្គម។
គួរជម្រាបជូនថា គោលបំណងនៃការផ្សព្វផ្សាយ ស្តីពីសមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ គឺដើម្បីឱ្យមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋ បានស្វែងយល់កាន់តែច្បាស់អំពីតម្លៃ គោលការណ៍គ្រឹះ និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ, ដើម្បីឱ្យសាធារណជនបានជ្រួតជ្រាបពីតួនាទី និងសារៈសំខាន់របស់ ក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងប្រព័ន្ធនីតិរដ្ឋរបស់កម្ពុជា និងបញ្ជ្រាបពីការយល់ដឹងអំពីរដ្ឋធម្មនុញ្ញនឹងជួយលើកកម្ពស់ស្មារតីគោរពច្បាប់ ការគោរពសិទ្ធិ និងសេរីភាពរបស់អ្នកដទៃ ការបំពេញកាតព្វកិច្ចរបស់ពលរដ្ឋ និងការចូលរួមក្នុងការកសាងសង្គមមួយដែលប្រកបដោយសន្តិភាព សណ្តាប់ធ្នាប់ យុត្តិធម៌ និងការគោរពនីតិរដ្ឋ៕


















































