អ្នកវិភាគសេដ្ឋកិច្ចម្នាក់ ដែលតែងជំរុញឱ្យរដ្ឋាភិបាលកសាងភាពធន់ថា ឆ្លើយលែងចេញ នៅពេល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរថា ដើម្បីឲ្យមានភាពធនតើគួរធ្វើអ្វីខ្លះ? (Video inside)
25-08-2026 11:48
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងចោទសួរទៅអ្នកវិភាគសេដ្ឋកិច្ចម្នាក់ ដែលតែងតែលើកឡើងជារឿយៗថា រដ្ឋាភិបាលគួរគិតគូរ ការកសាងមូលដ្ឋានឲ្យមានចីរភាព សេដ្ឋកិច្ចឲ្យមានភាពធន។ ក្នុងនោះសម្តេចមហាបវរធិបតី ក៏បានសួរត្រឡប់ទៅអ្នកវិភាគរូបវិញថា ដើម្បីឲ្យមានភាពធនតើកម្ពុជាគួរធ្វើអ្វីខ្លះ? ប៉ុន្តែរូបគេបែរជា ឆ្លើយមិនចេញទៅវិញ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី បានសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវចំនួនបីខ្សែ នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ថ្ងៃមុននេះ ខ្ញុំបានជួបជាមួយអ្នកវិភាគសេដ្ឋកិច្ចម្នាក់ តែខ្ញុំមិនបញ្ចេញឈ្មោះទេ កន្លងមកគាត់តែងតែវិភាគតាមក្រសួងនានា និងវិភាគតាមបណ្ដាញសង្គមជាច្រើន ដោយលើកឡើងថា រដ្ឋាភិបាលគួរគិតគូរការកសាងមូលដ្ឋានឲ្យមានចីរភាព សេដ្ឋកិច្ចឲ្យមានភាពធនជាដើម។ ឥឡូវនេះខ្ញុំចោទសួរទៅវិញថា ដើម្បីឲ្យមានភាពធនតើគួរធ្វើអ្វីខ្លះ? ពេលខ្ញុំសួរគាត់ឆ្លើយមិនចេញនោះទេ ឆ្លើយត្រឡប់មកវិញបានតែបិកបឺកប៉ុណ្ណោះ [......]»។
សម្តេចមហាបវរធិបតី មិនបានបង្ហើបឈ្មោះរបស់អ្នកវិភាគនោះទេ ហើយបានបន្ដថា «ខ្ញុំបានប្រាប់ទៅវិញថា រដ្ឋាភិបាល មានគោលនយោបាយច្រើនអណត្តិមកហើយ ភាពធនមានអ្វីខ្លះ? ក្នុងនោះមានការផលិត [....] ហើយនេះគឺជាអ្វីដែលរដ្ឋាភិបាលបានពង្រឹងប្រមាណ៤-៥អណត្តិមកហើយ។ ក្នុងនោះភាពធនមួយទៀតគឺស្ថាប័ន ដោយកន្លងមកយើងធ្វើកំណែរទម្រង់រាប់អាណត្តិមកហើយ, កែទម្រង់រដ្ឋបាលជាដើម សុទ្ធតែពង្រឹងភាពធនហើយ»។
សម្ដេចមហាបវរធិបតី បានបន្ថែមថា «ដូច្នេះអ្វីដែលរដ្ឋាភិបាលដាក់មិនមែនផ្ដោតតែលើខ្ញុំម្នាក់ ឬសម្ដេចតេជោម្នាក់នោះទេ យើងមានមន្រ្ដីសុទ្ធតែជាអ្នកជំនាញ យកមកធ្វើសំយោគធ្វើជាគោលនយោបាយ, ការបែងចែកគំនិតពិភាក្សា, ការស្វាគមន៍, ការជជែកពិភាក្សាថា តើគោលនយោបាយដ្ឋាភិបាលដាក់មក តើអ្វីទៅជាត្រីកោណ, អ្វីទៅបញ្ចកោណ និងអ្វីទៅចតុកោណ ហើយការដាក់ចេញទាំងនេះបានប្រយោជន៍អ្វីខ្លះ [.....]»៕


















































