កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងសង្ស័យ៧កន្លែងនៅក្រុងប៉ោយប៉ែត រកឃើញបទល្មើសគ្រឿងញៀន និងស្កេមអនឡាញ
25-08-2026 07:33
(ខេត្តបន្ទាយមានជ័យ)៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការត្រួតពិនិត្យបណ្តាទីតាំងចំនួន ០៧កន្លែង ក្នុងក្រុងប៉ោយប៉ែត ដោយមានការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការនេះមានគោលបំណងទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសស្កេមអនឡាញ និងការស្នាក់នៅរបស់ជនបរទេសដោយខុសច្បាប់។
ក្នុងចំណោមទីតាំងទាំង ០៧ កន្លែង អាជ្ញាធរបានរកឃើញទីតាំងចំនួន ០៥ ដែលមានជនបរទេសស្នាក់នៅសរុប ៨១នាក់ (ស្រី ៣៥នាក់) មកពី ០៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧០នាក់ (ស្រី ៣៥នាក់) ជនជាតិចិន ០៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ០៣នាក់ (ប្រុស)។
ក្នុងនោះ ជនជាតិថៃចំនួន ៤៦នាក់ និងជនជាតិចិន ០៨នាក់ ត្រូវបានផាកពិន័យដោយសារពុំបានរាយការណ៍វត្តមានជនបរទេសដល់សមត្ថកិច្ច និងពុំបានចុះឈ្មោះក្នុងប្រព័ន្ធ FPCS។
ជាពិសេស ទីតាំងទី៥ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត អាជ្ញាធរបានរកឃើញជនជាតិថៃ ០៩នាក់ (ស្រី ០៤នាក់) ស្នាក់នៅពុំមានឯកសារត្រឹមត្រូវ និងរកឃើញសម្ភារៈវត្ថុតាងសង្ស័យបម្រើឲ្យការប្រព្រឹត្តបទល្មើសស្កេមអនឡាញមួយចំនួន រួមទាំងម្សៅក្រាមពណ៌ស (គ្រឿងញៀនខុសច្បាប់)។
ទីតាំងនេះត្រូវបានបិទបណ្តោះអាសន្ន ហើយជនជាតិថៃទាំង ០៩នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី។ ចំណែកឯវត្ថុតាងត្រូវបានបញ្ជូនទៅស្នងការដ្ឋាន។
បន្ទាប់ពីប្រតិបត្តិការនេះ កម្លាំងជំនាញបានអប់រំ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ដល់ម្ចាស់ទីតាំងដែលពាក់ព័ន្ធ ដើម្បីឲ្យពួកគាត់យល់ដឹង និងអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងជនបរទេសនៅកម្ពុជា។







