FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU និងទូតចិននៅកម្ពុជា ប្ដេជ្ញាចិត្តរួមគ្នាការពារវិនិយោគចិនស្របច្បាប់នៅកម្ពុជា សំដៅពង្រឹងទំនុកចិត្តពាណិជ្ជកម្ម

24-08-2026 17:50

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តរួមគ្នាដើម្បីការពារវិនិយោគិនចិនស្របច្បាប់នៅប្រទេសកម្ពុជា សំដៅជួយពង្រឹងទំនុកចិត្តពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ការបញ្ជាក់អំពីការប្ដេជ្ញាចិត្តរួមគ្នារវាងទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង និងលោកឯកអគ្គរដ្ឋទូត ធ្វើឡើងក្នុងពិធីប្រគល់ និងទទួលប្រព័ន្ធកុំព្យូទ័រសមត្ថភាពខ្ពស់ ដែលស្ថានទូតចិនប្រគល់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបម្រើដល់ការបំពេញការងារប្រចាំថ្ងៃ។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងដោយចាត់ទុកបរិយាកាសធុរកិច្ចប្រកបដោយភាពយុត្តិធម៌ ស្អាតស្អំ និងមានតម្លាភាព នៅតែជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ACU នៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញតម្លាភាពទីផ្សារ និងការពារសិទ្ធិ ក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគទាំងអស់។

លោកបន្ដថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបន្តគាំទ្រដល់បរិយាកាសវិនិយោគប្រកបដោយសុវត្ថិភាព ស្ថិរភាព និងអាចព្យាករណ៍បានសម្រាប់សហគ្រាសចិន កំពុងប្រតិបត្តិការនៅកម្ពុជា ដែលនឹងជួយពង្រឹងទំនុកចិត្តលើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ជាមួយគ្នានេះ លោក វ៉ាង វិនពីន តំណាងរដ្ឋាភិបាលចិន បានអះអាងថា ការផ្តល់សម្ភារៈជូន ACU ពេលនេះ មានគោលដៅជួយដល់មន្ត្រីជំនាញ ACU ដើម្បីពង្រឹងជំនាញផ្នែកឌីជីថល ការថែរក្សាទិន្នន័យនានា ជួយដល់ផ្នែកស៉ើបអង្កេតប្រកបដោយប្រសិទ្ធភាព ក្នុងការដោះស្រាយសំណុំរឿងពាក់ព័ន្ធអំពើពុករលួយ និងដំណើរការកម្មវិធីសុសវែល និងកម្មវិធីពាក់ព័ន្ធ។

ឯកអគ្គរដ្ឋទូតចិន បានបន្តថា តាមរយៈឧបករណ៍នេះនឹងលើកកម្ពស់ការងារ ACU ដើម្បីដោះស្រាយសំណុំរឿង និងពន្លឿនការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ លោកជឿជាក់ថា ACU នឹងប្រើប្រាស់សម្ភារៈនេះឱ្យអស់ពីសមត្ថភាពឱ្យសមស្របនឹងតួនាទី ក្នុងបុព្វហេតុប្រឆាំងអំពើពុករលួយនៅកម្ពុជា៕