FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៥ភូមិ នៅសង្កាត់រុនតាឯក ដើម្បីឱ្យប្រជាពលរដ្ឋពិនិត្យផ្ទៀងផ្ទាត់

24-08-2026 17:25

(សៀមរាប)៖ មន្ទីររៀបចំដែនដីខេត្តសៀមរាប នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យដីធ្លីចំនួន ៥ ៤០៨ក្បាលដី ក្នុងភូមិចំនួន៥ រួមមាន៖ ភូមិត្មាតពង ភូមិតានី ភូមិរុន ភូមិជ័យ និងភូមិថ្នល់ សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ក្រោមវត្តមានរបស់លោក សួស សុខចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ។

ការបិទផ្សាយជាសាធារណៈនេះ ក្នុងគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ ឬស្នើសុំកែតម្រូវ ជំទាស់តវ៉ា ករណីមានកំហុសឆ្គង មុនពេលឈានដល់ការចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃទី២៤ ខែសីហា ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណវត្តជ័យគិរីមុន្នីរង្សី (ហៅវត្តរុន)។

ក្នុងឱកាសនោះលោក សួស សុខចាន់ បានលើកឡើងថា ក្នុងអំឡុងពេលការបិទផ្សាយ ១៥ថ្ងៃនេះ ក្រៅពីពិនិត្យឈ្មោះ ឬកែតម្រូវឈ្មោះឱ្យបានត្រឹមស្របតាមឯកសារដើមរបស់ខ្លួន កុំឱ្យមានកំហុសខុសឆ្គងមុនពេលចេញប្លង់កម្មសិទ្ធិ និងព្រមទាំងការផ្ទេរសិទ្ធិពីឪពុកម្ដាយ ឬកូនចៅ ក្នុងការធានាថាការចុះបញ្ជីដីធ្លីមានភាពសុក្រឹតត្រឹមត្រូវ តម្លាភាព និងស្របតាមច្បាប់ និងតាមនីតិវិធីក្នុងការផ្ទេរកម្មសិទ្ធិ។ ការចេញប្លង់កម្មសិទ្ធិដីធ្លីនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋយើង ក្នុងការបញ្ជាក់កម្មសិទ្ធិដី និងការពារសិទ្ធិស្របច្បាប់លើទ្រព្យរបស់ខ្លួន ព្រមទាំងសម្រួលដល់ការប្រើប្រាស់តាមតម្រូវការផ្សេងៗ ដូចជា៖ ការផ្ទេរកម្មសិទ្ធិ និងកិច្ចការរដ្ឋបាលផ្សេងៗបានកាន់តែងាយស្រួល និងមានភាពច្បាស់លាស់។

លោក សួស សុខចាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុ នាំកូនចៅទៅធ្វើអត្តសញ្ញាណបណ្ណឱ្យបានគ្រប់ៗគ្នា ហើយចំពោះអត្តសញ្ញាណបណ្ណដែលបានហួសសុពលភាព ត្រូវទៅបន្ត ឬធ្វើថ្មីនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិតមូលដ្ឋានរបស់ខ្លួន ដើម្បីធានាថាឯកសាររបស់ខ្លួនមានសុពលភាព និងអាចប្រើប្រាស់បានតាមតម្រូវការចាំបាច់ណាមួយ។

លោក ស៊ុន សុជាតិ បានលើកឡើងដែរថា ការបិទផ្សាយនេះ ជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ឯកសាររបស់ខ្លួន ប្រសិនបើមានកំហុស ឬព័ត៌មានមិនត្រឹមត្រូវ អាចស្នើសុំកែតម្រូវ ឬដាក់ពាក្យជំទាស់ ដោយមានមន្ត្រីប្រចាំការរង់ចាំទទួលពាក្យនៅកន្លែងបិទផ្សាយ។

ជាមួយនេះលោកបញ្ជាក់ថា ក្នុងអំឡុងពេលបិទផ្សាយនេះ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ពិនិត្យឱ្យបានច្បាស់លាស់ អំពីប្រភពដី ដោយពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងដី ដូចជា៖ ទីតាំងដី កន្លែងកំណើតរបស់ម្ចាស់ដី លេខក្បាលដី ទំហំដី ព្រមទាំងប្រវត្តិ ឬសាវតានៃក្បាលដី រួមទាំងដីបុរាណដ្ឋាន ដើម្បីធានាថាព័ត៌មានទាំងអស់ មានភាពត្រឹមត្រូវ និងស្របតាមឯកសារផ្លូវការរបស់ខ្លួន៕