FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌៖ ការផលិតភាពយន្តមួយឲ្យល្អ អាចផ្លាស់ប្តូរផ្នត់គំនិតសង្គមបាន

24-08-2026 17:17

(ភ្នំពេញ)៖ លោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ តំណាងលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការផលិតភាពយន្តមួយឲ្យល្អ នាំឲ្យខ្សែភាពយន្តនោះ អាចផ្លាស់ប្តូរផ្នត់គំនិតសង្គមបាន។

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ បានលើកឧទាហរណ៍ថា សព្វថ្ងៃនេះបញ្ហានៅក្នុងសង្គមមានករណីវាយតប់គ្នាច្រើនអនេក និងមានអ្នកធ្វើទង្វើអមនុស្សធម៌ក៏ច្រើនផងដែរ ហេតុនេះបើសិនមានការផលិតភាពយន្តឆ្លុះបញ្ចាំងឲ្យឃើញពីរឿងទាំងអស់នេះ បញ្ហាទាំងនោះនឹងកាត់បន្ថយ។

ថ្លែងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦ ក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៥ ដែលរៀបចំ ដោយនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ នៅរោងហ្វេប៊ល (Fable Cinema) លោក ឯក ប៊ុនថា បានបន្ថែមថា ភាពយន្ត គឺជាកញ្ចុះឆ្លុះបញ្ចាំងសង្គម។ ជាក់ស្តែង ភាពយន្តបានបង្ហាញពីសម័យដើមនៃស្ថានភាពសង្គមនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានរថយន្តបើកបរ និងស៊ីផ្លេផ្តេសផ្តាសណាស់ ប៉ុន្តែនៅពេលមានការផលិតភាពយន្ត ស្ថានភាពទាំងនោះក៏កាត់បន្ថយ។

បើតាមលោក ឯក ប៊ុនថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៥ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាសប្តាហ៍ ទី១ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្តដល់យុវជន ដើម្បីបញ្ចេញគំនិតច្នៃប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមាន តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស និងជាជំហានដំបូងក្នុងការនាំពួកឱ្យក្លាយជាផលិតករភាពយន្ត។ មហោស្រពនេះ ក៏ជាវេទិកាដ៏មានតម្លៃសម្រាប់យុវផលិតករ ក្នុងការបង្ហាញ និងចែករំលែកស្នាដៃរបស់ខ្លួន ទៅកាន់សាធារណជន ព្រមទាំងជាជំហានដំបូងក្នុងការបណ្តុះបណ្តាល និងតម្រង់ទិសពួកគេ ឱ្យឈានទៅក្លាយជាផលិតករភាពយន្តអាជីពនាពេលអនាគតផងដែរ។

ជាមួយគ្នានេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌ និងជាលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានលើកឡើងថា ស្ថិតក្នុងបរិបទនៃយុគសម័យឌីជីថល មហោស្រពភាពយន្តខ្នាតខ្លី គឺជាវេទិកាដ៏មាន សារៈសំខាន់ និង ចាំបាច់បំផុតមួយ ក្នុងចំណោមវេទិកាសំខាន់ៗជាច្រើនទៀត ដើម្បីជំរុញលើកទឹកចិត្តដល់យុវជនឲ្យបញ្ចេញនូវគំនិតច្នៃប្រតិដ្ឋ ចែករំលែករឿងរ៉ាវផ្ទាល់ខ្លួន ផ្សព្វផ្សាយនូវព័ត៌មាន ដែលពួកគេមាន តាមរយៈអេក្រង់ មិនថាអេក្រង់ទូរស័ព្ទ អេក្រង់ទូរទស្សន៍ ឬអេក្រង់នៅក្នុងរោងភាពយន្តនោះទេ ដែលនេះ គឺជាជំហានដំបូងនាំពួកគេឲ្យក្លាយជាអ្នកផលិត និងជាធនធានប្រកបដោយសក្តានុពលសម្រាប់រួមចំណែកទ្រទ្រង់ និងអភិវឌ្ឍឧស្សាហកម្មវប្បធម៌ច្នៃប្រតិដ្ឋ។

លោកបានបន្តថា មហោស្រពជាតិភាពយន្តភាពយន្តខ្នាតខ្លីកម្ពុជា គឺជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើឡើងជារៀងរាល់០២ឆ្នាំម្តង ហើយដែលឆ្នាំនេះគឺជាឆ្នាំទី៥នៃការរៀបចំ ក្រោមពាក្យស្លោក «ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ត ខ្នាតវែង» ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល ០៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនៅសាលសន្និសីទចតុម្មុខ និងតាមបណ្តារោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា នៅក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ មានពានរង្វាន់ធំចំនួន ៤ ដែលក្នុងនោះរួមមាន៖

*ពានជ័យលាភីលេខ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា
*ពានជ័យលាភីលេខ២ (Silver Award) ទទួលបានពានប្រាក់ អមដោយថវិកា
*ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបានពានសំរិទ្ធ អមដោយថវិកា
*ពានរង្វាន់របស់មេប្រយោគ(Special Jury Award) ទទួលបានពាន អមដោយថវិកា៕