អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន
24-08-2026 17:05
(ភ្នំពេញ)៖ នៅវេលាម៉ោង១៣:០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្ដឹងតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩១ ថា មានករណីគាស់ផ្ទះ បង្កឡើងដោយជនសង្ស័យ មួយក្រុមបានធ្វើសកម្មភាពគាស់សោរទ្វារផ្ទះលួចទ្រព្យសម្បត្តិនៅចំណុចផ្ទះលេខ៣៨ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ រួមមាន៖ ១.ឈ្មោះ នៅ តុលា ហៅក្រៅអាភិន ភេទប្រុស អាយុ៣២ឆ្នាំ, ២.ឈ្មោះ កេន វាសនា ហៅអាជៀន ភេទប្រុស អាយុ៣៤ឆ្នាំ, ៣.ឈ្មោះ ជុំ រ៉ាដូ ហៅក្រៅអារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ, ៤.ឈ្មោះ កែវ សុធារិទ្ធ ហៅក្រៅអាយួន ភេទប្រុស អាយុ២៣ឆ្នាំ នៅចំណុចឃ្លាំងទុកចោលមួយកន្លែងផ្ទះលេខ៧៩៣ ផ្លូវមុន្នីវង្ស ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដោយបានរកឃើញវត្ថុតាងមធ្យោបាយ និងសម្ភារៈសម្រាប់ធ្វើសកម្មភាពលួចគាស់ផ្ទះយកទ្រព្យសម្បត្តិមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ក្រោមវិធានការជំនាញជនសង្ស័យទាំង០៣នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងខាងលើបានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់ផ្ទះយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន ហើយកន្លងមកពួកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អស់រយៈពេល ០៦ខែ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនិងការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីចេញពីមណ្ឌលបានមួយរយៈពួកខ្លួនក៏ប្រើប្រាស់គ្រឿងញៀនដដែល។
បច្ចុប្បន្នជនសង្ស័យចំនួន ០៣នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯជនសង្ស័យឈ្មោះ កែវ សុធារិទ្ធ ហៅក្រៅអាយួន ពុំជាប់ពាក់ព័ន្ធនិងករណីខាងលើ ប៉ុន្តែមានវិជ្ជមានសារធាតុញៀន ត្រូវបញ្ជូនទៅប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕
