FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតព្រីតថេន៖ ការទូតទ័ពជើងទឹកផ្តល់ជម្រើសយុទ្ធសាស្ត្រដល់កម្ពុជា ចំពេលពិភពលោកមានភាពមិនប្រាកដប្រជា (Video inside)

24-08-2026 16:44

(ព្រះសីហនុ)៖ លោក ដូមីនិក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា បានស្វាគមន៍ការធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការការទូតកងទ័ពជើងទឹករបស់កម្ពុជា ដោយចាត់ទុកថា ការរក្សាភាពជាដៃគូជាមួយប្រទេសជាច្រើនជុំវិញពិភពលោក ផ្តល់ឱ្យកម្ពុជានូវ ជម្រើសយុទ្ធសាស្ត្រ និងលំហកាន់តែធំទូលាយ ដើម្បីអនុវត្តគោលនយោបាយការបរទេសឯករាជ្យ និងអធិបតេយ្យ ចំពេលភាពមិនប្រាកដប្រជា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកំពុងកើនឡើង។

ថ្លែងប្រាប់ Fresh News ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកព្រីតថេន HMS Tamar (P233) នៅកម្ពុជា លោកឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ការរក្សាទំនាក់ទំនងជាមួយដៃគូពីជុំវិញពិភពលោក កាន់តែមានសារៈសំខាន់នៅក្នុងបរិបទដែលភាពតានតឹង និងការប្រកួតប្រជែងយុទ្ធសាស្ត្រសកលកំពុងវិវត្ត។

លោកថា៖ «ប្រសិនបើអ្នកមានកិច្ចសហប្រតិបត្តិការដៃគូជាមួយបណ្តាប្រទេសមកពីជុំវិញពិភពលោក នោះនឹងផ្តល់ឱ្យអ្នកនូវជម្រើសយុទ្ធសាស្ត្រ លំហសម្រាប់ធ្វើសមយុទ្ធ និងសមត្ថភាពក្នុងការរក្សាគោលនយោបាយការបរទេសឯករាជ្យ និងអធិបតេយ្យភាពផ្ទាល់ខ្លួន»

HMS Tamar បានចូលចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែសីហា និងបន្តទស្សនកិច្ចរហូតដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។ នេះជាលើកដំបូងដែលនាវាកងទ័ពជើងទឹកព្រីតថេនបានចូលចតនៅមូលដ្ឋានសមុទ្ររាម និងជាដំណើរទស្សនកិច្ចលើកទី៣ របស់កងទ័ពជើងទឹកព្រីតថេនមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣។

HMS Tamar ជានាវាល្បាតលំហសមុទ្រ (River-class Offshore Patrol Vessel) ដែលបំពេញបេសកកម្មនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដឹកនាំរបស់មេបញ្ជាការ ថូម លីនស៊ី (Tom Lindsey)។ ក្នុងអំឡុងទស្សនកិច្ច នាវិកព្រីតថេនបានចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរជំនាញ និងហ្វឹកហ្វឺនជាមួយកងទ័ពជើងទឹកកម្ពុជា រួមមានការសង្គ្រោះបឋម សុខាភិបាល ជំនាញជួសជុល​ និងកីឡាមិត្តភាព ព្រមទាំងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអាជ្ញាធរខេត្ត។

លោក ដូមីនិក វីលៀមស៍ បានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាសញ្ញាជាក់ស្តែងនៃការប្តេជ្ញាចិត្តរបស់ព្រីតថេន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខសមុទ្រជាមួយកម្ពុជា ព្រមទាំងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគីទាំងមូល។

លោកបានលើកឡើងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការជើងទឹក រួមទាំងការបញ្ជូននាយទាហានជើងទឹកកម្ពុជាពីររូបដំបូងទៅទទួលការហ្វឹកហ្វឺននៅ Britannia Royal Naval College ក្នុងទីក្រុង Dartmouth ប្រទេសព្រីតថេន។

ក្រៅពីវិស័យការពារជាតិ ដំណើរទស្សនកិច្ចនេះក៏ផ្តោតលើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយនាវិក និងបុគ្គលិកព្រីតថេនប្រមាណ៩០រូប បានចូលរួមក្នុងសកម្មភាពជាមួយកងទ័ពជើងទឹកកម្ពុជា សហគមន៍ និងយុវជនមូលដ្ឋាន។

ការចូលចតរបស់ HMS Tamar នៅមូលដ្ឋានសមុទ្ររាម ក៏មានសារៈសំខាន់ជានិមិត្តរូប ដោយកើតឡើងបន្ទាប់ពីមូលដ្ឋាននេះត្រូវបានបើកឱ្យប្រើប្រាស់ឡើងវិញកាលពីខែមេសា ឆ្នាំ២០២៥។ វាបង្ហាញពីសក្តានុពលរបស់មូលដ្ឋានសមុទ្ររាមក្នុងការធ្វើជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូសមុទ្រអន្តរជាតិចម្រុះ ស្របតាមគោលនយោបាយរបស់កម្ពុជាក្នុងការរក្សាកិច្ចសហប្រតិបត្តិការការពារជាតិបើកចំហ។

សម្រាប់ព្រីតថេន បេសកកម្មរបស់ HMS Tamar ជាផ្នែកមួយនៃការចូលរួមរបស់ទីក្រុងឡុងដ៍នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងការពង្រឹងភាពជាដៃគូសមុទ្រ សន្តិសុខតំបន់ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើវិធានច្បាប់។

លោកឯកអគ្គរាជទូតបានបញ្ជាក់ថា ការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងព្រីតថេន បង្ហាញថា កិច្ចសហប្រតិបត្តិការការពារជាតិអាចដើរទន្ទឹមគ្នាជាមួយទំនាក់ទំនងការទូត ការអប់រំ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ហើយដំណើរទស្សនកិច្ចរបស់ HMS Tamar គឺជាសញ្ញាមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ព្រីតថេនចំពោះទំនាក់ទំនងជាមួយកម្ពុជា៕