FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វីរកងទ័ពឈរជើងប្រាសាទតាមាន់ធំ លោកព្រិន្ទបាលទោ សំ សារ៉ុង ធ្លាក់ខ្លួនឈឺធ្ងន់, គ្រូពេទ្យអស់លទ្ធភាពព្យាបាល ត្រូវបញ្ជូនមកស្រុកកំណើតវិញ

24-08-2026 16:36

(ស្វាយរៀង)៖ លោកព្រិន្ទបាលទោ សំ សារ៉ុង វីរកងទ័ពដ៏ក្លាហានដែលបានឈរជើងការពារបូរណភាពទឹកដីនៅប្រាសាទតាមាន់ធំ អត្តលេខ២៣៧៣៤៦ នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពីបានទទួលការវះកាត់សាច់កាចនៅត្រង់ត្រគាកចំនួនពីរលើក។

ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនលោកមកកាន់គេហដ្ឋាននៅស្រុកកំណើត ក្នុងភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកព្រិន្ទបាលទោ សំ សារ៉ុង បានរងរបួសក្នុងពេលបំពេញបេសកកម្មប្រយុទ្ធជាមួយកងទ័ពសៀម ព្រមទាំងរងគ្រោះដោយសារផ្សែងពុលផងដែរ។ បច្ចុប្បន្នលោកមានកូន៤នាក់ ដែលកំពុងជួបការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង រហូតដល់ត្រូវបង្ខំចិត្តឈប់រៀន ដោយសារគ្រួសារគ្មានដីផ្ទាល់ខ្លួន និងធ្លាប់បាត់បង់ផ្ទះសម្បែងដោយសារអគ្គិភ័យក្នុងអំឡុងពេលទាហានសៀមឈ្លានពាន។

លោក គង់ ម៉ាស ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង បានបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកព្រិន្ទបាលទោ សំ សារ៉ុង ត្រូវបានបញ្ជូនពីមន្ទីរពេទ្យរុស្ស៊ីមកកាន់គេហដ្ឋានវិញ ដោយសារគ្រូពេទ្យមិនអាចបន្តការព្យាបាលបានទៀត។

ក្នុងស្ថានភាពដ៏លំបាកនេះ លោកស្រី ឃ្វី នាង ត្រូវជាភរិយារបស់លោកព្រឹន្ទបាលទោ សំ សារ៉ុង បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងសប្បុរសជននានា មេត្តាជួយឧបត្ថម្ភគាំទ្រដល់គ្រួសាររបស់លោក ដើម្បីសម្រាលបន្ទុក ជីវភាពដែលកំពុងខ្វះខាតជាខ្លាំង។

លោក គង់ ម៉ាស និងក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភដល់ក្រុមគ្រួសារលោកព្រិន្ទបាលទោ សំ សារ៉ុង រួចមកហើយ៕