លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ជំរុញពង្រឹងប្រពៃណីសិល្បៈនៃការចែករំលែក និងពង្រីកសមិទ្ធផលសម្ព័ន្ធមេត្រីភាព
24-08-2026 16:13
(ភ្នំពេញ)៖ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានជំរុញឱ្យបន្តប្រពៃណីសិល្បៈនៃការចែករំលែកជួយគ្នាទៅវិញទៅមកឱ្យបានសកម្មថែមទៀត ដើម្បីពង្រឹងពង្រីកសមិទ្ធផលការងារសម្ព័ន្ធមេត្រីភាព និងតម្រង់ទិសឱ្យមានគុណប្រយោជន៍ជាយុទ្ធសាស្ត្រយូរអង្វែងបង្វែរទិសមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាព ទៅបម្រើឱ្យទស្សនៈវិស័យយូរអង្វែងដូចជា ការស្ថាបនាសំណង់អាគារលេណដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា។
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី ក៏បានពញ្ញាក់ស្មារតីឱ្យរួមគ្នាជាមួយដៃគូរសម្ព័ន្ធមេត្រីភាពដែលមានស្រាប់សហការផ្តួចផ្តើមគម្រោងអភិវឌ្ឍដើម្បីទ្រទ្រង់ដល់ជីវភាព និងសុខមាលភាពយោធិន គ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍បណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងជំនាញបច្ចេកទេសដល់យោធិនគ្រួសារយោធិន និងយោធិនត្រៀមចូលនិវត្តន៍។
ការជំរុញបែបនេះបានធ្វើនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាដកពិសោធន៍ការងារសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល ឆ្នាំ២០២៥ ទិសយោធភូមិភាគទី៤ និងទី៥។
តាងនាមកងយោធពលខេមរភូមិន្ទ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី សូមសម្តែងនូវក្តីកត្តញ្ញូដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តួចផ្តើមគំនិតដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតហើយជានិច្ចកាលសម្ដេចទាំងទ្វេរ តែងបានយកចិត្តទុកដាក់ដឹកនាំណែនាំចង្អុរបង្ហាញចែករំលែក និងជួយឧបត្ថម្ភដោយផ្ទាល់ ទាំងក្នុងស្មារតីមធ្យោបាយសម្ភារៈ ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុង «សិល្បៈនៃការចែករំលែក» ប្រកបដោយគុណធម៌ចំពោះប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងអំណរគុណចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានបន្តអនុវត្តគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ជានិច្ចកាលតែងស្ថិតនៅជាប់ជានិច្ចជាមួយនឹងការយកចិត្តទុកដាក់ជួយឧបត្ថម្ភទាំងស្មារតី និងសម្ភារៈបន្តវប្បធម៌ «សិល្បៈនៃការចែករំលែក» ដែលបានប្រសិទ្ធនាមថា «សិល្បៈតេជោសែន»។
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្រោមប្រធានបទ «សមរភូមក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ» ដើម្បីបន្តលើកទឹកចិត្តដល់ដៃគូសម្ព័ន្ធមេត្រីភាព និងពង្រឹងសាមគ្គីភាពមិនត្រឹមតែលើកទឹកចិត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងពង្រឹងចំណងសាមគ្គីភាព និងភាពស្អិតរមួតរវាងស្ថាប័នរដ្ឋវិស័យឯកជន និងបណ្តាញដគូសម្ព័ន្ធមេត្រីភាពឱ្យក្លាយជាកម្លាំងចលករតែមួយក្នុងការជួយឧបត្ថម្ភគាំទ្រដល់យោធិន និងគ្រួសារយោធិនដែលកំពុងឈរជើងការពារបូរណភាពទឹកដី។
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនីបានបញ្ជាក់ថា សិក្ខាសាលាក៏បង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តរួមគ្នារវាងសមរភូមិមុខ និងសមរភូមិក្រោយ «ប្រជាជនកងទ័ព ជាធ្លុងមួយ» ដោយសមរភូមិក្រោយ មិនដែលបោះបង់ ឬបំភ្លេចការលំបាករបស់បងប្អូនវីរកងទ័ព នៅតាមបន្ទាត់ព្រំដែនឡើយ។ ការដកពិសោធន៍ពិនិត្យវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយនូវអ្វីដែលយើងបានអនុវត្តនាពេលកន្លងមកអ្វីដែល យើងអនុវត្តមិនទាន់បានបទពិសោធន៍ចំណុចខ្លាំងចំណុចខ្សោយ និងតម្រង់ទិសឱ្យចំគោលដៅភារកិច្ចដែល យើងចង់បានពោលគឺជំរុញដល់វឌ្ឍនភាពការងារសម្ព័ន្ធមេត្រីភាពរបស់យើងនាពេលខាងមុខឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានបន្តថា វេទិការនេះបានដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូពង្រីកកិច្ចសន្ទនាជាពិសេសពង្រឹងនូវទំនុកចិត្ត និងការផ្សាភ្ជាប់នូវទំនាក់ទំនងកាន់តែជិតស្និតរវាងបណ្តាស្ថាប័នកងឯកភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិលដៃគូ ក្នុងសម្ព័ន្ធមេត្រីភាពក៏ដូចជាសប្បុរសជននានា លើមូលដ្ឋាននៃ «សមរភូមិក្រោយគាំទ្រ សមរភូមិមុខរួមគ្នាពង្រឹងខឿនការពារជាតិ» ដើម្បីជាគុណប្រយោជន៍កសាង និងពង្រឹងប្រៀបបការពារជាតិតាមរយៈការបំផុសចលនាឱ្យប្រជាជនគ្រប់រូបមានឆន្ទៈស្រលាញ់ប្រទេសជាតិ និងមានកាតព្វកិច្ចចំពោះជាតិមាតុភូមិដោយស្មារតីមោទនភាពជាតិ៕
































