FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាកំពុងរងឥទ្ធិពលព្យុះចំនួន៤ ដែលនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ សូមប្រុងប្រយ័ត្​ន !

24-08-2026 15:38

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី២១ ឈ្មោះ អាតសានី (Atsani) រួមជាមួយព្យុះទី១៩ ឈ្មោះ ណារ៉ា (Narra) ព្យុះទី២០ ឈ្មោះ ហ្គាណារី (Gaenari) និងព្យុះទី១៨ ឈ្មោះ សូដេល (Saudel) ដែលបានវិវត្តខ្លួនក្លាយទៅជាព្យុះសង្ឃរា។ ព្យុះទាំងនេះកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយក្រសួង បានបញ្ជាក់យ៉ាងច្បាស់ថា ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបួននេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ មានការប្រែប្រួល។

សម្រាប់តំបន់វាលទំនាប រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។ ចំណែកឯតំបន់ខ្ពង់រាប រួមមាន៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៦០%។

ដោយឡែក តំបន់មាត់សមុទ្រ រួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៦០% ផងដែរ។ ពិសេសជាងនេះរលកសមុទ្រនឹងបោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករណ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក៕