ស្រ្តីទើបសម្រាលកូនចំនួន ៥៥នាក់ មានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប
24-08-2026 15:13
(សៀមរាប)៖ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ស្រ្តីទើបសម្រាលកូនចំនួន ៥៥នាក់ ដែលមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាម។
ថ្លែងក្នុងឱកាសនោះ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក៏ដូចជាលោក ប្រាក់ សោភ័ណ ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខា កក្រក ខេត្តសៀមរាប ដែលតែតែងគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខមាតា ទារក ដែលទើបសម្រាល ជាពិសេសមាតា ទារក ដែលមានជីវភាពខ្វះខាតងាយប្រឈមនឹងបញ្ហាផ្សេងចំពោះសុខភាព។
លោកស្រីមានការចាប់អារម្មណ៍ និងកោតសរសើរ ជាខ្លាំង ចំពោះស្មារតីទទួលខុសត្រូវរបស់មាតាគ្រប់រូបក្នុងការចិញ្ចឹម និងថែទាំកូនតាំងពីទារក រហូតដល់ពេញវ័យ ដោយមិនមានពោលពាក្យនឿយហត់បន្តិចសោះឡើយ ដែលនេះបង្ហាញឱ្យ ឃើញពីព្រហ្មវិហារធម៌ របស់មាតារួមទាំងបិតាផងដែរ ចំពោះបុត្រធីតាគ្រប់រូប។
លោកស្រីក៏បានលើកទឹកចិត្តដល់ម្ដាយគ្រប់រូបបំប៉ៅកូនដោយទឹកដោះម្ដាយ និងត្រូវស្វែងរកការផ្តល់ប្រឹក្សាពីមន្ត្រីសុខាភិបាល អ្នកគ្រូពេទ្យឆ្មប ដែលបម្រើការនៅមណ្ឌលសុខភាពជិតផ្ទះរបស់យើងដូចជា ការបំបៅដោះកូន, ការតាមដានភាពលូតលាស់នៃទារក, ការចាក់វ៉ាក់សាំងបង្ការជំងឺ និងការប្រើប្រាស់អាហាររូបត្ថម្ភជាដើម។
លោកបានថ្លែងអំណរគុណចំពោះលោក លោកស្រី បងប្អូន ប្រជាពលរដ្ឋស្ត្រីជាមាតា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ និងសូមប្រសិទ្ធពរជ័យ សិរីមង្គលសូមប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ពេលវេលា។
សូមជម្រាបថា សម្ភារអំណោយដែលបានផ្ដល់ជូន ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, សារុង១, មួកកូនង៉ែត១, កន្សែងសើម១ដុំ, កន្សែងពោះគោ២, ស្រោមដៃ ស្រោមជើង២ឈុត, អាវកូនង៉ែត២, សំឡីអនាម័យ១ដុំ, ម្សៅទឹកដោះគោ២កំប៉ុង, ដបទឹកដោះគោ២ដប, ខោទឹកនោម Kiddi Love៧៨ខោ, ខោទឹកនោម Unidry ៣០ខោ និងថវិកាមួយចំនួន៕



















