អភិបាលខេត្តកំពង់ឆ្នាំង ជំរុញមន្ទីរសុខាភិបាល បន្តយុទ្ធនាការអប់រំបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម
24-08-2026 15:07
(កំពង់ឆ្នាំង)៖ ដោយមើលឃើញពីអត្រានៃជំងឺគ្រុនឈាមនៅតែបន្តកើនឡើងខ្ពស់ មិនមានការថមថយនៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជំរុញឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឲ្យបានទូលំទូលាយពីវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម។
ការជំរុញនេះ គឺដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីវិធានការការពារ និងសញ្ញាគ្រោះថ្នាក់នៃជំងឺនេះ ពិសេសត្រូវយកចិត្តទុកដាក់ទៅលើការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតតាមពាងទឹក ក្នុងលំនៅឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានាបាននូវសុខមាលភាព និងសុវត្ថិភាពជូនពលរដ្ឋគ្រប់ក្រុមគ្រួសារ។
ឆ្លើយតបនឹងការណែនាំ និងការយកចិត្តទុកដាក់ពីលោកអភិបាលខេត្ត ពាក់ព័ន្ធករណីការកើនឡើងនូវជំងឺគ្រុនឈាមនេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ បុគ្គលិកមន្ទីរសុខាភិបាលខេត្ត បន្តចុះអនុវត្តយុទ្ធនាការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការនៃការបង្ការ និងទប់ស្កាត់នូវជំងឺគ្រុនឈាម ក្នុងមូលដ្ឋានស្រុកបរិបូណ៌ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ស្រុកបរិបូណ៌ និងស្រុករលាប្អៀរ គឺជាស្រុកចំនួនពីរដែលកំពុងរងការរាតត្បាតខ្លាំងនៃជំងឺនេះ។
ក្នុងយុទ្ធនាការនេះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានសហការជាមួយអាជ្ញាធរស្រុកបរិបូណ៌ និងភាគីពាក់ព័ន្ធ រួមគ្នាធ្វើសកម្មភាពលុបបំបាត់ជំងឺគ្រុនឈាម ដោយផ្តោតលើការអប់រំផ្សព្វផ្សាយ ត្រួតពិនិត្យគុណភាពនៃការដាក់អាបែត និងជំរុញការដាក់អាបែតតាមពាងអាងនៅគ្រប់ក្រុមគ្រួសារ។
ក្រុមការងារក៏មានសកម្មភាពចលនាសម្អាតលំនៅឋានរបស់ប្រជាពលរដ្ឋតាមរយៈការចូលរួមពីអ្នកស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋាន។ ចំពោះភូមិ-ឃុំដែលមានអត្រាចម្លងជំងឺគ្រុនឈាមខ្ពស់ មន្ទីរសុខាភិបាល ក៏បានធ្វើការបាញ់ថ្នាំសម្លាប់មូសផងដែរ។ ក្រោយពីចុះយុទ្ធនាការតាមភូមិ-ឃុំ ក្រុមការងារក៏បានឆ្លៀតឱកាសសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបរិបូណ៌ និងណែនាំដល់មាតាបិតាអាណាព្យាបាលឲ្យបន្តយកចិត្តទុកដាក់ក្នុងការចូលរួមទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម តាមរយៈការធ្វើអនាម័យសម្អាតបរិស្ថានតាមលំនៅឋានឲ្យបានស្អាតជាប្រចាំ។
យុទ្ធនាការលុបបំបាត់ជំងឺគ្រុនឈាមនេះ គឺដើម្បីធានាបាននូវសុខភាពសាធារណៈ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ឲ្យរួចផុតពីការគំរាមកំហែងនៃជំងឺគ្រុនឈាម៕



















