គ.ជ.ប បើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
24-08-2026 13:21
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦»។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងចំណេះដឹង និងការយល់ដឹងរបស់សិក្ខាកាមអំពីនីតិវិធី បច្ចេកទេស និងការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យមានប្រសិទ្ធភាព ត្រឹមត្រូវ និងស្របតាមច្បាប់ និងបទបញ្ជា នីតិវិធីរបស់ គ.ជ.ប។
សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន ប្រធានលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ប្រធានផ្នែកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ អ្នកបច្ចេកទេសកុំព្យូទ័រនៃ លធ.ខប តំណាងគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធប្រមាណ ១៤០នាក់។
ក្នុងឱកាសនេះ លោក ទេព នីថា បានលើកឡើងពីសារៈសំខាន់នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលជាកិច្ចការសំខាន់មួយក្នុងការធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាសិទ្ធិរបស់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ក្នុងការចូលរួមអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋ។
អគ្គលេខាធិការ ក៏បានស្នើឱ្យសិក្ខាកាមយកចិត្តទុកដាក់សិក្សា ស្វែងយល់ និងចែករំលែកបទពិសោធន៍ ព្រមទាំងអនុវត្តចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅក្នុងការងារជាក់ស្តែង ដើម្បីរួមចំណែកធ្វើឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន ប្រសិទ្ធភាព តម្លាភាព និងទទួលបានទំនុកចិត្តពីសាធារណជន។
វគ្គបណ្តុះបណ្តាលនេះ ក៏ជាឱកាសសម្រាប់ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងមន្ត្រីជំនាញរបស់ គ.ជ.ប បានផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហការគ្នា ក្នុងការជំរុញការអនុវត្តការងារពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ឱ្យសម្រេចបានលទ្ធផលល្អប្រសើរ៕






























