បណ្ឌិត ឥន សុផល រំលឹកអំពី បណ្តាំរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន
24-08-2026 13:04
(ភ្នំពេញ)៖ នៅពេលថ្មីៗនេះ ក្រោយមានព័ត៌មានរឿងអាស្រូវជុំវិញមន្រ្តីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈបណ្ដាញព័ត៌មាន Fresh News លោកបណ្ឌិត ឥន សុផល អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានរំលឹកអំពីបណ្ដាំរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនៃកម្ពុជា ចំនួន៥ ចំណុចដូចតទៅ៖
១. ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងក្នុងឱកាសចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនៅឆ្នាំ២០១៦ ថា «នៅក្នុងអាណត្តិរបស់ខ្ញុំ សូមកុំយកលុយមករកប៉ុស្តិ៍! ខ្ញុំផ្តល់ប៉ុស្តិ៍ឱ្យយោងទៅលើសមត្ថភាព ហើយសូមកុំយកប៉ុស្តិ៍ទៅរកលុយ!» ។
២. ថ្វីដ្បិតតែឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានវ័យច្រើនក្តី ប៉ុន្តែលោកឧបនាយករដ្ឋមន្រ្តីធ្វើការមិនស្គាល់យប់ឬថ្ងៃ, សៅរ៍ ឬអាទិត្យ មិនគិតគូរពីសុខភាព។ ជាពិសេសតាំងពីឆ្នាំ២០២៥ សត្រូវឈ្លានពាន លោកឧបនាយករដ្ឋមន្រ្តី ខិតខំបំពេញបេសកកម្មការទូតគ្រប់ច្រករហក គ្រប់ប្រទេស ទាំង ASEAN ទាំង UN រហូតធ្វើឱ្យនយោបាយការទូតកម្ពុជាលេចធ្លោរនៅលើឆាកអន្តរជាតិ ធ្វើឱ្យអន្តរជាតិយល់កាន់តែច្រើនពីអំពើឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា។
៣. នៅពេលឈានជើងជាន់ទឹកដីកម្ពុជាលោកឧបនាយករដ្ឋមន្រ្តី មិនបានសម្រាកឡើយ លោកបានធ្វើបទបង្ហាញជូនអង្គទូតគ្រប់ប្រទេស និងបានដឹកនាំអង្គទូតចុះទីតាំងព្រំដែន បង្ហាញឱ្យអន្តរជាតិមើលឃើញពីការពិត ស្ថានភាពជាក់ស្តែងពីការឈ្លានពានរបស់ថៃ។
៤. ថ្វីដ្បិតតែឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាកចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសក្តី ក៏លោក បានចាត់តាំងរដ្ឋលេខាធិការប្រចាំការ ឱ្យដឹកនាំការប្រជុំ ជជែកពិភាក្សាជាប្រចាំ ដើម្បីប្រមូលផ្តុំគំនិតរបស់ថ្នាក់ដឹកនាំក្រសួងការបររទេសទាំងអស់ ដើម្បីរិះរកគ្រប់មធ្យោបាយ ការពារ និងទាមទារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានមកវិញ តាមរយៈសមរភូមិការទូត។
៥. នៅពេលឪពុកម្តាយកំពុងមមាញឹកខ្លាំង មានកូនពីរបីនាក់ឆ្លៀតឱកាសធ្វើរឿងផ្តេសផ្តាស ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង និងមិនយល់ពីការលំបាករបស់ឪពុកម្តាយ ដែលខិតខំស្ទើរសោះខ្យល់ទៅហើយដើម្បីកម្ពុជា៕








