ក្រុមចោរលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្រ្កាបបានជាបន្តបន្ទាប់ ក្រោយទទួលការសុំអន្តរាគមន៍តាមរយៈ Hotline 1292
24-08-2026 12:19
(កំពង់ស្ពឺ)៖ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជាផ្ទាល់ និងយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ និងក្រោយទទួលបានការខលប្តឹងពីជនរងគ្រោះសុំអន្តរាគមន៍តាមរយៈលេខអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះបង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់លើក្រុមចោរដែលតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ១១៖១០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះបានខលមកកាន់លេខអន្តរាគមន៍សង្គ្រោះបន្ទាន់ (Hotline 1292) ប្ដឹងពីករណី លួច កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានរាយការណ៍អំពីទ្រព្យសម្បត្តិដែលបានបាត់បង់រួមមាន ប្រាក់រៀលចំនួន ១,២០០,០០០៛ ទូរស័ព្ទ ចំនួន ០២គ្រឿង និងកាបូបឯកសារចំនួនមួយ។
ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ នៅម៉ោង ១១:២៥នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោក អនុសេនីយ៍ទោ ឈួរ ឆាំងលក្ខ័ មេបញ្ជាការរង បានដឹកនាំកម្លាំងចុះអន្តរាគមន៍ដល់កន្លែងកើតហេតុខាងលើ ហើយបានធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ថុល ថាន់ណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ និងបានសារភាពថាខ្លួនពិតជាបានលួចចូលទៅលួចយកទូរស័ព្ទ ម៉ាក អាយហ្វូនX ពណ៌មាស ចំនួន ០១គ្រឿង ក្នុងផ្ទះជនរងគ្រោះ ដែលកំពុងដេកនៅក្នុងផ្ទះគាត់កាលពីវេលាម៉ោង ៦:០០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅក្នុងភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅបន្តស្រាវជ្រាវ ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ហើយក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ គឿន តុលា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅបន្តស្រាវជ្រាវ ស្វែងរកកំណត់អត្តសញ្ញាណជនសង្ស័យ ហើយក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ហួន រតនា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃទទឹង សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕










