រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងលើម្ចាស់គណនីហ្វេសប៊ុក «អាយ៉ា ទឹកត្នោតជូរ» ដែលបានផ្សព្វផ្សាយព័ត៌មានប្រឌិត និងជេរប្រមាថប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់

24-08-2026 11:22

(ពោធិ៍សាត់)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ដើម្បីច្រានចោលទាំងស្រុង ចំពោះសកម្មភាពរបស់គណនីហ្វេសប៊ុកឈ្មោះ «អាយ៉ា ទឹកត្នោតជូរ» ដែលបានធ្វើការផ្សព្វផ្សាយវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក និងទីកតុក (TikTok) និយាយថា «ឡានរបស់ខ្លួនត្រូវបានចោរលួចបូមប្រេង ព្រមទាំងបានដៀលត្មិះ និងជេរប្រមាថអ្នកខេត្តពោធិ៍សាត់ទាំងមូលថាមាយោទអន់ ពូជចោរ...»។

នេះបើយោងតាមសេចក្តីបំភ្លឺព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទើបនឹងទទួលបាននាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦នេះ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយវីដេអូដ៏ខុសពីការពិត និងបង្កប់ចេតនាទុច្ចរិតនេះ រដ្ឋបាលខេត្តពោធិ៍សាត់បានដាក់ចេញនូវចំណុចសំខាន់ៗ ដូចខាងក្រោម៖

១. រដ្ឋបាលខេត្តពោធិ៍សាត់ ប្រកាសច្រានចោលការផ្សព្វផ្សាយរបស់ម្ចាស់គណនីខាងលើ ដែលជាការប្រឌិត និងមើលងាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល ដែលមិនត្រូវការពាក្យយល់យោគ ឬអត់ឱនឱ្យដាច់ខាត។

២. ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត មានការឈឺចាប់ និងឃ្នើសចិត្តយ៉ាងខ្លាំងបំផុត មិនទទួលយកបានដាច់ខាត និងបានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកបុគ្គលនេះ មកផ្តន្ទាទោសតាមច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។

៣. ទន្ទឹមនេះ ស្នើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់វិធានការចំពោះបុគ្គលនេះ ដែលបានជេរប្រមាថ ដោយសំដីអសីលធម៌ដែលសង្គមស្អប់ខ្ពើមជាទីបំផុត មិនសក្តិសមជាស្ត្រីខ្មែរ ហើយបានប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។

៤. កន្លងមក មានបុគ្គលមួយចំនួនបានប្រើប្រាស់ទម្រង់ដ៏ស្មោគគ្រោកនេះ នៅលើទឹកដីខេត្តពោធិ៍សាត់ ធ្វើការរាយការណ៍ភូតកុហក បោកប្រាស់ថៅកែ ឬអ្នកដែលខ្លួនស៊ីឈ្នួល ដើម្បីបានផលប្រយោជន៍ ផ្ទាល់ខ្លួនបន្ថែមទៀត ហើយចោទប្រកាន់ដោយគ្មានមនសិការមកប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុង ខេត្តពោធិ៍សាត់ ដើម្បីបិទបាំងអំពើទុច្ចរិតរបស់ខ្លួន ដែលជាអំពើមិនអាចអត់ឱនឱ្យបាន។

អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ជ្រាបជាព័ត៌មាន ជុំវិញករណីនេះ៕