FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅស្រុកពារាំង ខេត្តព្រៃវែង

23-08-2026 14:41

(ព្រៃវែង)៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា ២ខ្នង ស្មើនឹង ១២បន្ទប់ និងសមិទ្ធផលនានា នៅអនុវិទ្យាល័យ និងសាលាបឋមសិក្សាព្រៃស្នៀត ស្ថិតនៅឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង។

លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា សមិទ្ធផលអគារសិក្សាថ្មីទាំង ២ខ្នង ស្មើនិង ១២បន្ទប់នេះ គឺជាចំណងដៃថ្មី និងជាការឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍវិស័យអប់រំនៅមូលដ្ឋាន ដែលនឹងជួយសម្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងតំបន់ឱ្យទទួលបាននូវបរិយាកាសល្អប្រសើរ និងមានផាសុកភាពក្នុងការប្រមូលផ្តុំរៀនសូត្រ។

ក្នុងនោះដែរ លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក្រុមការងារពាក់ព័ន្ធ ក៏ដូចជាសប្បុរសជននានា ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំនេះឡើង ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់ប្រទេសជាតិ។

លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការរីកចម្រើនខាងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសការកសាងសមិទ្ធផលអប់រំនាពេលនេះ គឺកើតចេញពីសុខសន្តិភាព និងការខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផ្ទាល់។

លោកអភិសន្តិបណ្ឌិត ក៏បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន ឱ្យជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សយូរអង្វែង ដើម្បីជាឧត្តមប្រយោជន៍ដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅមូលដ្ឋាន ក៏ដូចជាការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។

លោកអភិសន្តិបណ្ឌិត ក៏បានប្រគល់នូវបណ្ណ័សរសើរ និងលិខិតថ្លែងអំណរគុណព្រមទាំងបំពាក់នូវគ្រឿងឥស្សរិយសជូនដល់សប្បុរសជនដែលបានចូលរួមចំណែកក្នុងការកសាងសាលារៀនទាំង ២ ខ្នងស្មើ នឹង ១២ បន្ទប់នេះផងដែរ៕