FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកែប ចុះសួរសុខទុក្ខដល់ខ្នងផ្ទះ និងជូនអំណោយប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាននៃក្រុងកែប

23-08-2026 12:46

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន១៦គ្រួសារ នៅតាមមូលដ្ឋាននៃក្រុងកែប នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។

នាឱកាសចុះសួរសុខទុក្ខ និងផ្ដល់ដំណោយ ជូនប្រជាពលរដ្ឋក្រីក្រ លោកអភិបាលខេត្ត បានថ្លែងថា សកម្មភាពទាំងអស់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ហើយការចុះដល់មូលដ្ឋានដោយផ្ទាល់ គឺផ្តោតលើការស្តាប់រាល់បញ្ហា និងស្វែងរកដំណោះស្រាយ សំដៅជួយសម្រួលការលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ នេះក៏ជាការអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលចាត់ទុកប្រជាពលរដ្ឋជាម្ចាស់ និងមិនទុកឱ្យគ្រួសារណាមួយ កំពុងជួបការលំបាក នៅឯកោនោះផងដែរ។

ក្នុងចំណោមគ្រួសារទាំង១៦ ដែលក្រីក្របំផុត ខាងលើ មាន១គ្រួសារ ជួបការខ្វះខាតខ្លាំង និងមានកូនតូចៗចំនួន ៣នាក់ កំពុងសិក្សា។ លោកអភិបាលខេត្ត ក៏បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈសិក្សា សម្លៀកបំពាក់ និងថវិកា ទៅជួយសម្រួលដល់ជីវភាពគ្រួសារ ព្រមទាំងលើកទឹកចិត្ត ឱ្យកូនៗខិតខំរៀនសូត្រ។ ជាមួយគ្នានេះ ១៥គ្រួសារផ្សេងទៀត ក៏ទទួលបានការឧបត្ថម្ភអង្ករ ៥០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកា ៤០ ០០០រៀល ក្នុងមួយគ្រួសារ៕