FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅជនបរទេសក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេស ៨៧នាក់

23-08-2026 08:25

(ភ្នំពេញ)៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងលោក លៀម សុដា អភិបាលរងខេត្ត តំណាងលោក អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន និងលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យលើទីតាំងស្នាក់នៅចំនួន ៩កន្លែង ក្នុងក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសសរុបចំនួន ៨៧នាក់ ក្នុងនោះស្រី ៣៨នាក់ ដែលមាន ៣សញ្ជាតិ រួមមាន ជនជាតិថៃ ៧៦នាក់ (ស្រី ៣៨នាក់), ជនជាតិចិន ៨នាក់ (ប្រុស) និងជនជាតិឥណ្ឌា ៣នាក់ (ប្រុស)។

ក្នុងចំណោមទីតាំងទាំង ៩ទីតាំងចំនួន ៨ ត្រូវបានធ្វើរដ្ឋបាលតាមអគារស្នាក់នៅ ដោយ ៤ទីតាំង ជនបរទេសបានចាកចេញអស់ និង ៤ទីតាំងទៀត មានជនបរទេសស្នាក់នៅប្រមូលផ្ដុំសរុប ៧៨នាក់ (ស្រី ៣៤នាក់) ដែលមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ហើយត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបន្ត។ ក្រុមការងារក៏បានផ្សព្វផ្សាយបន្ថែមដល់ម្ចាស់ទីតាំងអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ផងដែរ ដោយពុំមានសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកនៅទីតាំងទាំងនេះឡើយ។

ដោយឡែក ទីតាំងចំនួន ១ ស្ថិតនៅចំណុចផ្ទះ ១ល្វែង ៦បន្ទប់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ត្រូវបានអនុវត្តវិធានការច្បាប់។

ទីតាំងនេះរកឃើញជនជាតិថៃចំនួន ៩នាក់ (ស្រី ៤នាក់) ដែលត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធី។

ជាមួយគ្នានេះ សម្ភារៈសង្ស័យមួយចំនួនក៏ត្រូវបានសមត្ថកិច្ចជំនាញដកហូត និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងបិទទីតាំងជាបណ្ដោះអាសន្ន។