នាយកមនី្ទរពេទ្យព្រះអង្គឌួង ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និង វះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាជននៅខេត្តកំពង់ចាម
23-08-2026 08:06
(កំពង់ចាម)៖ លោកសាស្ត្រាចារ្យរង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនដល់ប្រជាជនរស់នៅក្នុងខេត្តកំពង់ចាម ដែលប្រព្រឹត្ដទៅនៅក្នុងបរិវេណមន្ទីរពេទ្យខេត្តកំពង់ចាម។
លោកសាស្ត្រាចារ្យ រង លូ លីឃាង បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង ពិតជាមានកិតិ្តយសយ៉ាងក្រៃលែង ដែលបានចុះមកពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាជន។
លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ជាទូទៅមន្ទីរពេទ្យព្រះអង្គឌួង តែងតែរៀបចំកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺភ្នែក នៅតាមមន្ទីរពេទ្យដៃគូសម្ព័ន្ធមេត្រីភាព ដែលមានមន្ទីរពេទ្យខេត្តកំពត ខេត្តកែប និងខេត្តតាកែវ។ អាស្រ័យហេតុនេះ ការចុះផ្តល់សេវាថែទាំសុខភាពភ្នែកជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាឱកាសដ៏វិសេសវិសាលបំផុត»។
លោកបានថ្លែងទៀតថា កម្មវិធីនេះធ្វើឡើងដោយមានការឧបត្ថម្ភជាច្រើនពីមូលនិធិ Fred Hollows Foundation Cambodia និងមូលនិធិ Bloomberg (ប៊្លូមប៊ឺក) ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ទន្ទឹមនឹងនោះលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ជាពិសេសគណៈអភិបាលខេត្ត បានជួយជ្រោមជ្រែង ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងមនី្ទរពេទ្យខេត្តកំពង់ចាម ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។
ជាមួយគ្នានោះដែរលោកស្រីសាស្រ្តាចារ្យ ជុកម៉ុល កុសុម៉ា នាយិការង នៃមនី្ទរពេទ្យព្រះអង្គឌួង បានគូសបញ្ជាក់ឱ្យដឹងថា «ការមើលឃើញច្បាស់ គឺជាផ្នែកមួយដ៏សំខាន់នៃគុណភាពជីវិត។ ការដែលយើងអាចចូលរួមជួយបងប្អូនដែលមានបញ្ហាភ្នែក ឱ្យទទួលបានការពិនិត្យត្រឹមត្រូវ ទទួលបានវ៉ែនតាដែលសមស្រប ឬទទួលបានការវះកាត់នៅពេលចាំបាច់ គឺជាក្តីរីករាយ និងជាកិត្តិយសដ៏ធំធេងសម្រាប់ក្រុមការងារនៃមនី្ទរពេទ្យព្រះអង្គឌួង»។
ជាមួយគ្នានោះដែរលោក ឃន ប្រុស អភិបាលរងខេត្ត តំណាង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងសហការី ដែលបានសហការជាមួយមូលនិធិ Fred Hollows Foundation Cambodia ព្រមទាំងក្រុមការងារទាំងអស់ ដែលបានរៀបចំកម្មវិធីមនុស្សធម៌ដ៏មានតម្លៃនេះឡើង។ កម្មវិធីនេះមិនត្រឹមតែផ្តល់សេវាសុខាភិបាលដោយឥតគិតថ្លៃតែប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងចូលរួមដ៏សំខាន់ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អាចទទួលការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ប្រកបដោយគុណភាព ដោយមិនចាំបាច់បារម្ភពីការចំណាយ។
ចំណែកលោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia បានសង្កត់ធ្ងន់ថា កម្មវិធីនាថ្ងៃនេះ ពិតជាមានសារសំខាន់ និងបានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋ ផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនិងការពិនិត្យ ព្យាបាលជំងឺភ្នែកនេះ ឲ្យបានទូលំទូលាយ នៅក្នុងសហគមន៍ និងសូមអញ្ជើញពួកគាត់មកទទួលពិនិត្យ ព្យាបាលជំងឺភ្នែក ជាមួយនិងក្រុមគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។
សូមជម្រាបថាតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗកន្លងមកនេះ ឃើញថាប្រជាពលរដ្ឋដែលមានពិការភ្នែក ក្នុងចំណោម ១០០នាក់ គឺ៩០នាក់ ដែលអាចព្យាបាលបាន ឲ្យជាសៈស្បើយ។ ប៉ុន្តែបើពួកគាត់មកព្យាបាល មិនទាន់ពេលវេលានោះទេ ធ្វើឲ្យគាត់ធ្លាក់ខ្លួន ទៅភាពពិការភ្នែកបាន។ ដូច្នេះនាយកអង្គការ Fred Hollows Foundation Cambodia បានអំពាវនាវដល់លោកយាយ លោកតា បងប្អូន មកពិនិត្យព្យាបាលជំងឺភ្នែកជាមួយក្រុមគ្រូពេទ្យជំនាញឲ្យបានទៀងទាត់៕




































