FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជំរុញវិស័យដឹកជញ្ជូន និងកសិកម្ម

22-08-2026 22:25

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាព និងប្រតិបត្តិការរបស់កំពង់ផែស្វយ័តភ្នំពេញ ដើម្បីស្វែងយល់ពីសមត្ថភាព និងសក្តានុពលរបស់កំពង់ផែ ក្នុងការគាំទ្រដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ក៏មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឯកជន និងកំពង់ផែ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធដឹកជញ្ជូន និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានបានលើកឡើងអំពីតួនាទី និងបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការគាំទ្រ និងតំណាងឱ្យវិស័យឯកជន ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការិយាល័យតំណាងចំនួន ៨ ព្រមទាំងគ្រោងបង្កើតការិយាល័យនៅប្រទេសបារាំងនាពេលខាងមុខ។ សភាពាណិជ្ជកម្មកម្ពុជាក៏មានតួនាទីសំខាន់ក្នុងវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន។

បន្ទាប់ពីទស្សនកិច្ចកំពង់ផែស្វយ័តភ្នំពេញ គណៈប្រតិភូបានបន្តដំណើរទៅកាន់សហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីស្វែងយល់ស៊ីជម្រៅអំពីការអភិវឌ្ឍវិស័យកសិកម្ម សក្តានុពលនៃការដាំដុះ ការប្រមូលទិញ និងការធ្វើទីផ្សារផលិតផលកសិកម្មក្នុងស្រុក។ ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏សំខាន់សម្រាប់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងរកលទ្ធភាពពង្រឹងកិច្ចសហការជាមួយសហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម ការបង្កើនការវិនិយោគ ការកែច្នៃផលិតផល និងការពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

ដំណើរទស្សនកិច្ចទាំងពីរនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការស្វែងយល់ពីតម្រូវការ និងសក្តានុពលនៃវិស័យដឹកជញ្ជូន ភស្តុភារកម្ម និងកសិកម្ម ព្រមទាំងបន្តជំរុញកិច្ចសហការរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង។