FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការជំរុញការប្រើប្រាស់ស្រោមអនាម័យ ១០០% និងបង្ការអេដស៍នៅភ្នំពេញ

22-08-2026 22:04

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ យុទ្ធនាការផ្សព្វផ្សាយជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ និងបញ្ជ្រាបការយល់ដឹងពីវិធានការបង្ការការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និងជំងឺកាមរោគ ត្រូវបានរៀបចំឡើងយ៉ាងផុសផុលនៅលើផ្លូវថ្មើរជើងចតុមុខ។

ក្នុងឱកាសនោះ លោកបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ គឺជាការចូលរួមពីគ្រប់ពហុវិស័យ និងជាចរន្តតែមួយ។

លោកបណ្ឌិត ងី មានហេង បានបន្តថា កម្ពុជាត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ជាប្រទេសមួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទទួលបានជោគជ័យក្នុងការសម្រេចបានគោលដៅ ៩៥-៩៥-៩៥ មុនកាលកំណត់ ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់នៃការឆ្លើយតបមេរោគអេដស៍នៅកម្ពុជា។

ទោះជាយ៉ាងណា យើងទាំងអស់គ្នានៅតែបន្តបេសកកម្ម និងរក្សាសមិទ្ធផលនេះជារៀងរហូត។ យុទ្ធនាការនេះមានគោលបំណងជំរុញឱ្យមានការប្រើប្រាស់ស្រោមអនាម័យ ១០០ភាគរយ និងបញ្ជ្រាបការយល់ដឹងពីហានិភ័យនៃមេរោគអេដស៍ ព្រមទាំងវិធីសាស្ត្របង្ការផ្សេងៗទៀតដូចជា PrEP និង PEP ទៅដល់សាធារណជនទូទៅ។

លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមថា ភាពជោគជ័យក្នុងការសម្រេចគោលដៅ ៩៥-៩៥-៩៥ នេះ គឺបានមកពីការឆ្លើយតបរួមគ្នាជាពហុវិស័យ និងជាធ្លុងមួយ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ ស្របតាមគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨។

លោកក៏បានអំពាវនាវឱ្យរួមគ្នាលុបបំបាត់ការមាក់ងាយរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ដែលជាសារដ៏មានឥទ្ធិពលក្នុងការបង្ការការរីករាលដាល។

ជាមួយគ្នានេះ លោក ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ បានគូសបញ្ជាក់ថា យុទ្ធនាការនេះគឺជាការរំលឹកឡើងវិញនូវបំណងប្រាថ្នារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបញ្ចប់អេដស៍នៅឆ្នាំ២០៣០។

ការប្រើប្រាស់ស្រោមអនាម័យទៀងទាត់បានជួយបញ្ចៀសការចម្លងមេរោគអេដស៍ដល់មនុស្សរាប់សែននាក់ ដែលជាជោគជ័យដ៏ធំធេង។ ដូច្នេះ ការពង្រឹងការអប់រំ និងផ្សព្វផ្សាយអំពីមេរោគអេដស៍ ព្រមទាំងការធ្វើតេស្តរកមេរោគអេដស៍ទាន់ពេលវេលា គឺជាគន្លឹះដ៏សំខាន់ក្នុងការឈានទៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជា។