គ.ជ.ប បិទវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦
22-08-2026 20:25
(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលជូនដល់គ្រូបង្ហាត់ និងមន្រ្តីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រយៈពេល ៥ថ្ងៃ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយរលូន ស្របតាមផែនការកំណត់ មានការសហការ និងការចូលរួមយ៉ាងសកម្មពីសិក្ខាកាម។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបិទវគ្គបណ្តុះបណ្តាល នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានមានប្រសាសន៍ថា ផ្អែកតាមបទពិសោធ និងផែនការមេ គ.ជ.ប តែងតែយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាលមន្រ្តី គ.ជ.ប ដែលជាប្រតិបត្តិករអនុវត្តផ្ទាល់ ហើយសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ គ.ជ.ប បាននិងកំពុងធ្វើការបណ្តុះបណ្តាលជាបន្តបន្ទាប់។
លោក ម៉ុក ដារ៉ា បានណែនាំដល់គ្រូបង្ហាត់ គ.ជ.ប ទាំងអស់ឱ្យត្រៀមរៀបចំសម្ភារឧបទ្ទេស និងត្រៀមលក្ខណៈដើម្បីធ្វើការបណ្តុះបណ្តាលបន្តនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ជូនដល់តំណាងភាគីពាក់ព័ន្ធទាំងអស់ ស្របតាមផែនការមេ ប្រតិទិន និងកម្មវិធីដែលបានកំណត់ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលនេះ។ ទន្ទឹមនឹងនេះ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ណែនាំដល់ លធ.ខប អំពីការងារបណ្តុះបណ្តាលបន្ត និងការងារផ្សព្វផ្សាយ ការអប់រំជូនដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមគោលការណ៍ណែនាំរបស់ គ.ជ.ប។
លោក ម៉ុក ដារ៉ា បានបន្តថា សម្រាប់ឆ្នាំ២០២៦ នេះ គ.ជ.ប នឹងបន្តធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតលើទិន្នន័យជីវមាត្រ បន្ទាប់ពី គ.ជ.ប បានសម្រេចបន្ថែមការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់អ្នកបោះឆ្នោតដែលបានចុះឈ្មោះបោះឆ្នោតហើយយ៉ាងតិច ១០ឆ្នាំ ក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ក្នុងគោលបំណងធានាឱ្យបញ្ជីបោះឆ្នោតកាន់តែមានភាពប្រសើរឡើងប្រកបដោយគុណភាព និងធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់រូប។
ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ គឺសំដៅដល់ការស្រង់ និងការលុបឈ្មោះអ្នកបោះឆ្នោត (អ្នកទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេង), ការចុះឈ្មោះបោះឆ្នោត (ចុះឈ្មោះប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ចុះឈ្មោះប្រជាពលរដ្ឋដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី), ការកែតម្រូវទិន្នន័យជីវប្រវត្តិ (ប្តូរការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ កែតម្រូវឈ្មោះ ភេទ ថ្ងៃខែឆ្នាំកំណើត ឬផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោត) និងការធ្វើបច្ចុប្បន្នភាពទិន្ន័យជីវមាត្រ (ថតរូប និងផ្តិតម្រាមដៃ)។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងត្រូវរៀបចំនៅថ្នាក់ គ.ជ.ប ចំនួន១លើកទៀត សម្រាប់ លធ.ខប និងតំណាងភាគីពាក់ព័ន្ធ នៅថ្ងៃទី២៤-២៦ ខែសីហា ឆ្នាំ២០២៦ មុននឹងបន្តរៀបចំនៅថ្នាក់រាជធានី ខេត្ត និងនៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក ខណ្ឌ៕















