លោក ម៉ម ប៊ុននាង អញ្ជើញទទួលជំនួយមនុស្សធម៌ក្នុងទំហំទឹកប្រាក់ជាង១លានដុល្លារ ពីមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
22-08-2026 20:00
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោម ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងឯកឧត្តម Min Byong Jang ទីប្រឹក្សាលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា សម្របសម្រួលដោយ លោក សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញប្រគល់-ទទួលជំនួយមនុស្សធម៌លើក ទី ២៣ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ ជូនដល់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅវិមានព្រឹទ្ធសភា។
សូមជម្រាបថា ជំនួយមនុស្សធម៌លើកទី២៣ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធា រ ណរដ្ឋកូរ៉េ រួមមាន៖ ឱសថចំនួន ២៩មុខ និងថ្នាំបាញ់សម្លាប់មូស ក្នុងទំហំទឹកប្រាក់សរុបចំនួន១,០៩០,៧១១.៦២ដុល្លារអាមេរិក។ ជំនួយនេះត្រូវបានផ្តល់ឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត និងបង្កើតបរិយាកាសរស់នៅដែលមានស្ថិរភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសជួយដល់ជនភៀសសឹក គ្រួសារក្រីក្រ និងសហគមន៍ងាយរងគ្រោះទូទាំងប្រទេសកម្ពុជា។
សូមរំលឹកថា គណៈកម្មការទី១០ នៃព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ(GLS) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការប្រគល់-ទទួលជំនួយមនុស្សធម៌លើកដំបូង ក្នុងឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់សរុប ១០លានដុល្លារអាមេរិក។ បន្ទាប់ពីគម្រោងនេះទទួលបានការវាយតម្លៃជាវិជ្ជមាន ចំពោះប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ, លោក ម៉ម ប៊ុននាង និងលោក Kim Jungnamបានចុះហត្ថលេខាលើ MOU លើកទី២ ក្នុងឆ្នាំ២០២៥ ដើម្បីពង្រីកបន្ថែមទំហំជំនួយមនុស្សធម៌ ដល់ ៥០លានដុល្លារអាមេរិក។ នៅខែមិថុនា ឆ្នាំ២០២៦នេះ គណៈកម្មការទី១០ ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានចុះហត្ថលេខាលើអនុ-ស្សរណៈជាលើកទី៣ ដើម្បីបង្កើនទំហំជំនួយមនុស្សធម៌សរុបកើនដល់ ៦៥លានដុល្លារអាមេរិក ។
សូមគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព, មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមានៈឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន ២៣លើក រួចមក ហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន៣៤,៤១៩,៥៥០.៨៥ដុល្លារអាមេរិក ។ ជំនួយមនុស្សធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់ គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរពេទ្យ មណ្ឌលសុខភាព ជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកប ដោយតម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើងស្របតាមបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(Global Life Sharing)៕










