FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ បង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនជាតិចិន ៧នាក់

22-08-2026 17:48

(ព្រះសីហនុ)៖ ដោយអនុវត្តតាមការណែនាំរបស់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ បានចុះធ្វើរដ្ឋបាលចំហទីតាំងផ្ទះល្វែងមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងជំនាញបានរកឃើញ និងដកហូតសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ វត្ថុតាងរួមមាន កុំព្យូទ័រ All-In-One ចំនួន១គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ចំនួន៧គ្រឿង, ទូរស័ព្ទដៃចំនួន២គ្រឿង និងអាយផេត (Tablet) ចំនួន១គ្រឿង។ លើសពីនេះ សមត្ថកិច្ចក៏បានរកឃើញជនបរទេសស្នាក់នៅដោយពុំមានលិខិតឆ្លងដែន និងឯកសារត្រឹមត្រូវផងដែរ។

ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៧នាក់ (ប្រុស) ជាជនជាតិចិន ដែលជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងចំណោមជនសង្ស័យទាំង៧នាក់ មាន០៤នាក់ ពុំមានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តព្រះសីហនុ៕