ស្នងការនគរបាលខេត្តត្បូងឃ្មុំ បញ្ជាឲ្យដឹកទឹកស្អាតជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
22-08-2026 17:32
(ត្បូងឃ្មុំ)៖ ដើម្បីឆ្លើយតបភ្លាមៗចំពោះតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចជំនាញ ចុះដឹកជញ្ជូន និងផ្គត់ផ្គង់ទឹកស្អាតជាបន្ទាន់ជូនដល់ប្រជាពលរដ្ឋដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាពចំនួន ៤ទីតាំង ក្នុងស្រុកត្បូងឃ្មុំ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
កិច្ចការងារនេះ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងគោលបំណងធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ខ្វះខាតទឹកស្អាតប្រើប្រាស់ និងហូបចុកក្នុងអំឡុងពេលជួបវិបត្តិទឹកជំនន់ទន្លេមេគង្គឡើយ។
ចំពោះមុខ ការងារដែលត្រូវអនុវត្តន៍ អាជ្ញាធរ បានចាត់វិធានការ និងការប្តេជ្ញាចិត្ត ក្នុងនោះ:
ការជួយសង្គ្រោះបន្ទាន់៖ ការចែករំលែកទឹកស្អាតនេះ គឺជាការឆ្លើយតបផ្ទាល់ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដង្កាត់ផ្សេងៗ ដែលអាចកើតមានឡើងដោយសារការប្រើប្រាស់ទឹកមិនស្អាតក្នុងពេលមានទឹកជំនន់។
ការបន្តគាំទ្រ៖ ស្នងការដ្ឋាននគរបាលខេត្ត បានអះអាងថា នឹងបន្តសកម្មភាពដឹកជញ្ជូន និងផ្គត់ផ្គង់ទឹកស្អាតនេះជាបន្តបន្ទាប់ទៀត រហូតដល់ស្ថានភាពទឹកជំនន់មានភាពធូរស្រាល និងប្រជាពលរដ្ឋអាចត្រឡប់ទៅរស់នៅតាមលំនៅឋានដើមវិញបាន។
គូសបញ្ជាក់ថា ចំពោះការយកចិត្តទុកដាក់ និងសកម្មភាពចុះជួយដល់ទីកន្លែងរបស់កម្លាំងនគរបាលខេត្តត្បូងឃ្មុំ នាពេលនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ពីស្មារតីទទួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពអាសន្ន៕






