FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលសង្កាត់និរោធ ត្រៀមចាក់បេតុងផ្លូវ២១០ តាមសំណើពលរដ្ឋនៅភូមិតាងូវក្រោម

22-08-2026 17:15

(ភ្នំពេញ)៖ ក្រោយពីមានការស្នើសុំពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិតាងូវក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ឱ្យជួយចាក់បេតុងលើផ្លូវលេខ២១០ អាជ្ញាធរសង្កាត់បានបញ្ជាក់ថា គម្រោងនេះនឹងត្រូវអនុវត្តនាពេលឆាប់ៗខាងមុខ។ លោក ប្រាក់ សុឃីម ចៅសង្កាត់រងនិរោធ បានថ្លែងប្រាប់អ្នកសារព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះថា គម្រោងចាក់បេតុងផ្លូវនេះ ត្រូវបានដាក់ជាគម្រោងអាទិភាពរបស់រដ្ឋបាលសង្កាត់។

លោកចៅសង្កាត់រងបានបន្តថា ការងារស្ថាបនានឹងចាប់ផ្តើមប្រហែលនៅអំឡុងខែតុលាខាងមុខនេះ ដោយសារក្រុមហ៊ុនម៉ៅការកំពុងមមាញឹកជាមួយនឹងការស្ថាបនាលូនៅភូមិមួយទៀត ដែលសម្រេចបានជាង៥០%ហើយ។ បន្ទាប់ពីការងារនៅទីនោះរួចរាល់ ក្រុមហ៊ុននឹងបន្តមកអនុវត្តគម្រោងនៅផ្លូវលេខ២១០នេះភ្លាម។

លោកបានបន្ថែមថា កាលពីដើមឆ្នាំ២០២៥ រដ្ឋបាលសង្កាត់បានស្ថាបនាដាក់លូបានប្រវែង១២៥ម៉ែត្ររួចហើយ ហើយនៅសល់៥៥ម៉ែត្រទៀតដែលត្រូវបន្តស្ថាបនាឱ្យបានចប់សព្វគ្រប់។ ក្រោយពីការងារលូទាំង៥៥ម៉ែត្រនេះរួចរាល់ ទើបនឹងបន្តការងារចាក់បេតុងលើផ្លូវដែលមានទទឹង៥ម៉ែត្រ និងប្រវែង១៨៥ម៉ែត្រ។

លោក ប្រាក់ សុឃីម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមួយចំនួន សូមមេត្តាយោគយល់ និងរង់ចាំបន្តិច ដោយសាររដ្ឋបាលសង្កាត់មានគម្រោងច្បាស់លាស់ក្នុងការស្ថាបនាផ្លូវនេះ។ លោកបានបដិសេធចំពោះការផ្សព្វផ្សាយថា មន្ត្រីសង្កាត់បានសម្លុត ឬនិយាយអសុរសដល់អ្នកសារព័ត៌មាន ហើយបានស្នើសុំឱ្យមានការយោគយល់ និងរួមគ្នាជួយអភិវឌ្ឍន៍មូលដ្ឋានឱ្យមានការរីកចម្រើនទាំងអស់គ្នា៕