FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ក្នុងពេល El Niño កំពុងកើតឡើងខ្លាំង៖ តើកម្ពុជាអាចប្រឈមអ្វីខ្លះ ពីចុងឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧? (Video inside)

22-08-2026 15:45

(ភ្នំពេញ)៖ ខណៈ El Niño ដ៏ខ្លាំងកំពុងវិវត្តនៅមហាសមុទ្រប៉ាស៊ីហ្វិក និងអាចបង្កផលប៉ះពាល់ដល់អាកាសធាតុ កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សំណួរសំខាន់នៅពេលនេះគឺ៖ តើកម្ពុជាអាចប្រឈមនឹងអ្វីខ្លះ ហើយបានត្រៀមវិធានការអ្វីខ្លះ ដើម្បីបង្ការ និងកាត់បន្ថយផលប៉ះពាល់?

កម្មវិធី Fresh Exclusive / Cosmo មានសេចក្តីរាយការណ៍ស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា ទឹកសមុទ្រនៅតំបន់ត្រូពិចនៃមហាសមុទ្រប៉ាស៊ីហ្វិក កំពុងក្តៅឡើងខុសពីធម្មតា។ សម្រាប់មនុស្សទូទៅ វាប្រហែលមើលទៅដូចជារឿងឆ្ងាយ ដែលមិនសូវពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ។

ប៉ុន្តែសម្រាប់អ្នកវិទ្យាសាស្ត្រអាកាសធាតុ កម្តៅនៅប៉ាស៊ីហ្វិកអាចផ្លាស់ប្តូរចលនាខ្យល់ ទីតាំងតំបន់ភ្លៀង និងលំនាំមូសុងនៅតំបន់ជាច្រើននៃពិភពលោក។ កម្ពុជា ដែលពឹងផ្អែកខ្លាំងលើភ្លៀងមូសុង កសិកម្ម ទន្លេមេគង្គ និងទន្លេសាប ក៏មិនអាចមើលរំលងបាតុភូតនេះបានដែរ។

សំណួរគឺ៖ បើ El Niño ឆ្នាំ២០២៦ កំពុងឈានទៅរកកម្រិតខ្លាំង តើកម្ពុជាអាចត្រូវត្រៀមខ្លួនចំពោះអ្វីខ្លះ ចាប់ពីចុងឆ្នាំ២០២៦ រហូតដល់ឆ្នាំ២០២៧?

*El Niño ឆ្នាំ២០២៦ កំពុងខ្លាំងឡើង
អង្គការឧតុនិយមពិភពលោក ឬ WMO បានប្រកាសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា El Niño កំពុងបន្តពង្រឹងខ្លួន ហើយត្រូវបានរំពឹងថា នឹងក្លាយជា El Niño ខ្លាំងក្នុងអំឡុងខែសីហា ដល់ខែតុលា។

ការព្យាករពី«ម៉ូដែលអាកាសធាតុ»ជាច្រើនបង្ហាញថា សីតុណ្ហភាពផ្ទៃសមុទ្រនៅតំបន់សំខាន់នៃប៉ាស៊ីហ្វិក អាចខ្ពស់ជាងមធ្យមប្រមាណ ២,៩អង្សាសេ ក្នុងអំឡុងខែសីហា ដល់ខែតុលា ហើយអាចបន្តពង្រឹងរហូតដល់ជិតខែវិច្ឆិកា។

El Niño មិនមែនជាព្យុះ ឬជាប្រព័ន្ធអាកាសធាតុដែលធ្វើដំណើរពីប៉ាស៊ីហ្វិកមកកម្ពុជាឡើយ។ វាជាការប្រែប្រួលដ៏ធំក្នុងប្រព័ន្ធ មហាសមុទ្រ–បរិយាកាស ដែលអាចរំខានដល់លំនាំខ្យល់ និងភ្លៀងនៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ។

និយាយឱ្យសាមញ្ញ៖ កម្តៅនៅប៉ាស៊ីហ្វិក មិនមានឥទ្ធិពលត្រឹមប៉ាស៊ីហ្វិកទេ។ វាអាចផ្លាស់ប្តូររបៀបដែលបរិយាកាសចែកចាយកម្តៅ និងសំណើមជុំវិញផែនដី។

*កម្ពុជា មិនមែននៅក្រៅតំបន់ហានិភ័យទេ
កាលពីខែមិថុនា ឆ្នាំ២០២៦ វេទិកាព្យាករអាកាសធាតុរបស់អាស៊ាន ASEAN Climate Outlook Forum បានព្យាករថា សីតុណ្ហភាពក្នុងភាគច្រើននៃអាស៊ីអាគ្នេយ៍ អាចខ្ពស់ជាងធម្មតា។

ចំពោះកម្ពុជាវិញ តំបន់កណ្តាលនៃប្រទេស ត្រូវបានព្យាករថា អាចមានភ្លៀងតិចជាងធម្មតា ឬប្រហាក់ប្រហែលនឹងកម្រិតធម្មតា។

ប៉ុន្តែនេះមិនមានន័យថា កម្ពុជាទាំងមូល នឹងគ្មានភ្លៀងនោះទេ។ ខេត្តមួយអាចមានភ្លៀងច្រើន ខណៈខេត្តមួយទៀតអាចជួបចន្លោះស្ងួត។ សូម្បីតែនៅក្នុងតំបន់ដែលភ្លៀងសរុបប្រហាក់ប្រហែលធម្មតា ក៏អាចមានរយៈពេលគ្មានភ្លៀងយូរ នៅចន្លោះពេលដែរ។

នេះហើយជាមូលហេតុដែលអង្គការឧតុនិយមពិភពលោកបញ្ជាក់ថា ការព្យាកររដូវកាលបង្ហាញពី ឱកាសដែលអាកាសធាតុមួយ អាចកើតឡើង មិនមែនជាការធានាថា វានឹងកើតឡើងដាច់ខាតនោះទេ។

*កម្ពុជាធ្លាប់ទទួលរងផលប៉ះពាល់ពី El Niño រួចមកហើយ
អតីតកាល El Niño មួយចំនួនដែលកម្ពុជាធ្លាប់ជួបប្រទះ មិនគួរមើលរំលងឡើយ។

ធនាគារពិភពលោកបានកត់ត្រាថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរឆ្នាំ ២០១៥–២០១៦ បានប៉ះពាល់ដល់ ១៨ខេត្តក្រុង ក្នុងចំណោម ២៥ រាជធានី–ខេត្ត និងប្រជាពលរដ្ឋជាង ២,៥លាននាក់។

ធនាគារពិភពលោក ក៏បានប៉ាន់ប្រមាណថា ការបាត់បង់ផលិតកម្មស្រូវដោយសារគ្រោះរាំងស្ងួតដែលពាក់ព័ន្ធនឹង El Niño ក្នុងឆ្នាំ២០១៩ មានតម្លៃប្រមាណ ១០០លានដុល្លារ។
អង្គការ FAO ក៏បានកត់សម្គាល់ថា កម្ពុជា ឡាវ វៀតណាម និងថៃ សុទ្ធតែរងផលប៉ះពាល់ធ្ងន់ពីគ្រោះរាំងស្ងួតដែលជាប់ពាក់ព័ន្ធនឹង El Niño ឆ្នាំ២០១៥–២០១៦។

ភស្ថុតាងទាំងនេះ មិនមានន័យថា ឆ្នាំ២០២៦–២០២៧ នឹងកើតឡើងដូចឆ្នាំ២០១៥–២០១៦ នោះទេ។ ប៉ុន្តែវាបង្ហាញថា Super El Niño ឬ មហា El Niño អាចនាំឱ្យវិបត្តិនូវបញ្ហាទឹក កសិកម្ម និងជីវភាពរស់នៅសម្រាប់ប្រទេសកម្ពុជា។

*សម្រាប់កម្ពុជា៖ បញ្ហាអាចមិនមែនជា «គ្មានភ្លៀង» ប៉ុន្តែជា «ភ្លៀងមិនទៀង»
ការសិក្សាមួយអំពីគ្រោះរាំងស្ងួត និងផលិតកម្មស្រូវនៅខេត្តកំពង់ស្ពឺ ដែលជាខេត្តមួយប្រឈមនឹងគ្រោះរាំងស្ងួត បានរកឃើញថា គ្រោះរាំងស្ងួតមួយចំនួននៅក្នុងខេត្តនេះ មានទំនាក់ទំនងតាមស្ថិតិជាមួយការប្រែប្រួល El Niño នៅមហាសមុទ្រប៉ាស៊ីហ្វិក។

ការព្រួយបារម្ភនេះ ក៏ត្រូវបានគាំទ្រដោយការវិភាគរបស់អង្គការស្បៀងអាហារ និងកសិកម្ម ហៅកាត់ថា FAO។ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ FAO បានប្រើទិន្នន័យផ្កាយរណបរយៈពេល ៤១ឆ្នាំ ដើម្បីកំណត់តំបន់កសិកម្មដែលប្រឈមហានិភ័យខ្ពស់ពីគ្រោះរាំងស្ងួតដែលជាប់ទាក់ទងនឹង El Niño។

ក្នុងផែនទីហានិភ័យនោះ តំបន់ដែលត្រូវប្រុងប្រយ័ត្នបានលាតសន្ធឹងពីប៉ាគីស្ថាន និងឥណ្ឌា មកមីយ៉ាន់ម៉ា ថៃ កម្ពុជា វៀតណាម រហូតដល់ហ្វីលីពីន និងឥណ្ឌូណេស៊ី។
របាយការណ៍របស់ World Bank ស្តីពី El Niño និង La Niña ក្នុងវិស័យកសិកម្មកម្ពុជា ក៏បានបញ្ជាក់ថាបាតុភូត ENSO មិនត្រឹមតែអាចប៉ះពាល់ដល់ផលិតកម្មកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែផលប៉ះពាល់អាចបន្តទៅដល់ ប្រាក់ចំណូលគ្រួសារ សន្តិសុខស្បៀង និងសេដ្ឋកិច្ចទាំងមូល ផងដែរ។

*កម្រិតទឹកក្នុងទន្លេមេគង្គ និងទន្លេសាប
មានសំណួរមួយថា បើភ្លៀងក្នុងកម្ពុជាមិនថយចុះខ្លាំង តើមានន័យថា កម្រិតទឹកក្នុងទន្លេមេគង្គ និងទន្លេសាប នឹងមិនរងផលប៉ះពាល់ពី El Niño ដែរឬទេ? ចម្លើយគឺ មិនប្រាកដទេ។

ទឹកមេគង្គដែលហូរចូលកម្ពុជា មិនអាស្រ័យតែលើភ្លៀងដែលធ្លាក់ក្នុងប្រទេសកម្ពុជាទេ។ វាក៏ពឹងផ្អែកលើភ្លៀង និងលំហូរទឹកនៅទូទាំងអាងទន្លេមេគង្គ ដែលឆ្លងកាត់ចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ដូច្នេះ បើ El Niño ធ្វើឱ្យភ្លៀងថយចុះនៅតំបន់សំខាន់ៗនៃអាងមេគង្គខាងលើ លំហូរទឹកដែលមកដល់កម្ពុជា ក៏អាចរងឥទ្ធិពលផងដែរ។

ប៉ុន្តែគេមិនអាចសន្និដ្ឋានសាមញ្ញថា «El Niño កើតឡើង = ទឹកទន្លេសាបនឹងស្រក» នោះទេ។ កម្រិតទឹកមេគង្គ និងទន្លេសាប អាស្រ័យលើកត្តាជាច្រើនរួមគ្នា ដូចជា បរិមាណភ្លៀងនៅទូទាំងអាងមេគង្គ លំហូរទឹកពីខាងលើ ភ្លៀងក្នុងកម្ពុជា ការគ្រប់គ្រងអាងស្តុកទឹក និងលក្ខខណ្ឌជលសាស្ត្រនៅពេលនោះ។

ហេតុនេះ El Niño ខ្លាំងអាចបង្កើនហានិភ័យនៃភាពស្ងួតនៅតំបន់ខ្លះនៃអាស៊ីអាគ្នេយ៍ ប៉ុន្តែមិនអាចកំណត់ដោយខ្លួនឯងថា ទឹកមេគង្គ និងទន្លេសាបនឹងឡើង ឬស្រកប៉ុនណានោះទេ។ ដូច្នេះ កម្រិតទឹក និងលំហូរទឹកនៃប្រព័ន្ធមេគង្គ–ទន្លេសាប គឺជាសូចនាករសំខាន់ដែលកម្ពុជាត្រូវតាមដានយ៉ាងជិតស្និទ្ធក្នុងខែខាងមុខ។

*ឆ្នាំ២០២៧ អាចក្តៅខ្លាំង ប៉ុន្តែ El Niño មិនមែនជាអ្នកបង្កើតកម្តៅថ្មីទេ
ចំណុចនេះសំខាន់ណាស់សម្រាប់ការយល់ផ្នែកវិទ្យាសាស្ត្រ។ El Niño មិនបង្កើតថាមពលកម្តៅថ្មីពីសូន្យឡើយ។ វាជួយផ្ទេរកម្តៅ ដែលស្តុកនៅក្នុងមហាសមុទ្រត្រូពិចទៅកាន់បរិយា កាសច្រើនជាងធម្មតា និងផ្លាស់ប្តូរការចែកចាយកម្តៅនៅជុំវិញផែនដី។
ការិយាល័យអាកាសធាតុ Met Office របស់ចក្រភពអង់គ្លេស ពន្យល់ថា ជាទូទៅ El Niño អាចធ្វើឱ្យសីតុណ្ហភាពមធ្យមសកលកើនឡើងប្រហែល ០,២អង្សាសេជាបណ្តោះអាសន្ន។

ប៉ុន្តែអ្វីដែលគួរឱ្យយកចិត្តទុកដាក់ គឺ El Niño ឆ្នាំ២០២៦ កំពុងកើតឡើងនៅពេលដែលផែនដីមានសីតុណ្ហភាពមូលដ្ឋានខ្ពស់រួចទៅហើយ ដោយសារការឡើងកម្តៅបង្កដោយសកម្មភាពមនុស្ស។ ដូច្នេះ កម្តៅបណ្តោះអាសន្នពី El Niño ត្រូវបានបន្ថែមពីលើនិន្នាការកម្តៅរយៈពេលវែង ដែលមានស្រាប់។

ហេតុនេះ Met Office បានព្រមានថា El Niño ដែលកំពុងវិវត្តន៍នេះ អាចធ្វើឱ្យសីតុណ្ហភាពសកលកើនឡើងបន្ថែមជាបណ្តោះអាសន្ន ហើយកម្តៅដែលនៅសេសសល់ពីបាតុភូតនេះ អាចបង្កើនឱកាសឱ្យឆ្នាំ២០២៧ ក្លាយជាឆ្នាំក្តៅបំផុតមួយក្នុងកំណត់ត្រាសកលលោក។

*សេចក្តីសន្និដ្ឋាន៖ El Niño កើតនៅប៉ាស៊ីហ្វិក ប៉ុន្តែផលប៉ះពាល់អាចមកដល់កម្ពុជា
ដូច្នេះ តើ El Niño ឆ្នាំ២០២៦ មានន័យអ្វីសម្រាប់កម្ពុជា? វាមិនមានន័យថា កម្ពុជានឹងជួបគ្រោះរាំងស្ងួតទូទាំងប្រទេសនោះទេ។ ប៉ុន្តែវាអាចបង្កើនហានិភ័យនៃភ្លៀងធ្លាក់មិនទៀងទាត់ ភាពស្ងួតនៅតំបន់ខ្លះ កម្តៅខ្លាំង និងបញ្ហាទឹកសម្រាប់កសិកម្ម ខណៈលំហូរទឹកមេគង្គ–ទន្លេសាប ក៏ត្រូវតាមដានយ៉ាងជិតស្និទ្ធផងដែរ។

បទពិសោធន៍កន្លងមកបង្ហាញថា ផលប៉ះពាល់ពីអាកាសធាតុអាចបន្តទៅជាបញ្ហាកសិកម្ម ប៉ះពាល់ដល់ប្រាក់ចំណូល សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជន។

ហេតុនេះ តម្លៃសំខាន់នៃការព្យាករ El Niño គឺ ការដឹងមុន ដើម្បីត្រៀមមុន។ El Niño កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកក៏ពិតមែន ប៉ុន្តែផលប៉ះពាល់របស់វា អាចមកដល់កម្ពុជា ហើយការត្រៀមទុកជាមុន នឹងអាចជួយកាត់បន្ថយការខូចខាតបាន។ សំណួរសំខាន់នៅពេលនេះគឺ៖ បើ El Niño ឆ្នាំ២០២៦ វិវត្តទៅជា Super El Niño តើកម្ពុជា បានត្រៀមខ្លួនគ្រប់គ្រាន់ហើយឬនៅ ដើម្បីការពារទឹក កសិកម្ម និងជីវភាពប្រជាជន ពីហានិភ័យដែលអាចកើតឡើងខាងមុខនេះ?