ខេត្តកែប ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»
22-08-2026 15:18
(កែប)៖ រដ្ឋបាលខេត្តកែប បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកែប។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកែប រួមជាមួយលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ បានអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានគូសបញ្ជាក់ពីសារៈសំខាន់នៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋទូទាំងពិភពលោក ឱ្យចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការប្រើប្រាស់ ចែកចាយ និងឧក្រិដ្ឋកម្មគ្រឿងញៀនគ្រប់ប្រភេទ សំដៅកសាងសង្គមមួយប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានសង្កត់ធ្ងន់ថា គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងអនាគតបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គ្រួសារ សហគមន៍ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គមទាំងមូល ជាពិសេសកុមារ និងយុវជន គឺជាក្រុមដែលងាយរងគ្រោះបំផុត។
លោកបានបន្ថែមថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបទថ្មីនេះ មិនអាចពឹងផ្អែកតែលើវិធានការបង្ក្រាបនោះទេ ប៉ុន្តែត្រូវបង្កើនការងារបង្ការ និងអប់រំ ផ្តល់ព័ត៌មានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ដូចជាតាមរយៈកម្មវិធី App No Drug ជាដើម ព្រមទាំងជំរុញការចូលរួមពីសហគមន៍ឱ្យបានទូលំទូលាយ ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។
ជាចុងក្រោយ លោកអភិបាលខេត្តកែប បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឱ្យពង្រឹងការអប់រំតាមសហគមន៍ គ្រួសារ និងសាលារៀន ពង្រឹងកិច្ចសហការរវាងស្ថាប័ន និងសហគមន៍ យកចិត្តទុកដាក់លើការព្យាបាល និងស្តារនីតិសម្បទា ព្រមទាំងបង្កើនការចូលរួមរបស់យុវជនក្នុងកម្មវិធីប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីការពារ និងកាត់បន្ថយហានិភ័យនៃការប្រើប្រាស់គ្រឿងញៀនឱ្យបានជាអតិបរមា៕




















