ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ពង្រឹងវិធានការជំនាញ បូកសរុបការងារ ៩ខែ និងពង្រឹងកិច្ចការពារសន្តិសុខជូនថ្នាក់ដឹកនាំ
22-08-2026 15:08
(ត្បូងឃ្មុំ)៖ ឆ្លើយតបយ៉ាងសកម្មទៅនឹងបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដឹកនាំកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចប្រតិបត្តិការងារនគរបាល និងសហគមន៍ រយៈពេល ៩ខែ និងលើកទិសសដៅបន្ត។
កិច្ចប្រជុំដែលធ្វើឡើង នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តនេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្នុងការវាស់វែងប្រសិទ្ធភាពការងារ ក៏ដូចជាការរៀបចំយន្តការឆ្លើយតបទៅនឹងសភាពការណ៍សន្តិសុខជាក់ស្តែងក្នុងមូលដ្ឋាន។
ទន្ទឹមនឹងការកំណត់ទិសដៅការងារបន្ត អង្គប្រជុំបានផ្តោតលើរបៀបវារៈអាទិភាព គឺការផ្សព្វផ្សាយ និងដាក់ចេញនូវ «ផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍» យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពដាច់ខាត ១០០% ជូនគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលត្រូវអញ្ជើញបំពេញបេសកកម្មឆ្លងកាត់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។
ថ្លែងផ្តល់អនុសាសន៍ដឹកនាំយ៉ាងម៉ឺងម៉ាត់នៅក្នុងអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ ចិន នី បានគូសបញ្ជាក់អំពីអត្ថន័យស៊ីជម្រៅនៃកិច្ចការពារសន្តិសុខសង្គម និងបានដាក់បទបញ្ជាផ្ទាល់ដល់កម្លាំងជំនាញគ្រប់ជាន់ថ្នាក់៖
«កម្លាំងនគរបាលទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវបន្តពង្រឹងវិធានការជំនាញឱ្យបានក្តាប់ជិត និងមានប្រសិទ្ធភាពបំផុត។
លោក គូសបញ្ជាក់ថា ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ទម្រង់ក្នុងមូលដ្ឋាន មិនត្រឹមតែជាភារកិច្ចស្នូលរបស់សមត្ថកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាបុរេលក្ខខណ្ឌដ៏សំខាន់ក្នុងការការពារសេចក្តីសុខដុមរមនារបស់ប្រជាពលរដ្ឋ និងជាគ្រឹះយ៉ាងរឹងមាំក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលឱ្យលេចចេញជាលទ្ធផលជាក់ស្តែង»។
គូសរំលេចថា ចំពោះការជួបជុំក្បាលម៉ាសុីនកម្លាំងនគរបាលទូទាំងខេត្តនេះ បានស្តែងឱ្យឃើញពីភាពស៊ីសង្វាក់គ្នានៃបញ្ជាការ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងខេត្តត្បូងឃ្មុំឱ្យក្លាយជាដែនដីប្រកបដោយសន្តិសុខ សុវត្ថិភាព និងស្ថិរភាពជូនពលរដ្ឋក្នុងមូលដ្ឋាន៕












