អភិបាលខេត្តបាត់ដំបង អញ្ជើញដឹកនាំយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដើម្បីលើកកម្ពស់បរិស្ថានបៃតង
22-08-2026 14:55
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើក្នុងយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ក្នុងក្រុងបាត់ដំបង។ ពិធីនេះបានប្រព្រឹត្តទៅនៅតាមបណ្ដោយផ្លូវលេខ៥២០ ក្នុងសង្កាត់ស្លាកែត ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានគូសបញ្ជាក់ពីសារៈសំខាន់នៃយុទ្ធនាការនេះ ដែលមានគោលបំណងជំរុញស្មារតីស្រឡាញ់បរិស្ថានបៃតង និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមដាំ និងថែទាំដើមឈើឱ្យបានលូតលាស់ល្អ។
លោកបានបន្ថែមថា កន្លងមក អាជ្ញាធរក្រុង និងសង្កាត់បានខិតខំរំដោះដីចំណីផ្លូវសាធារណៈ ដើម្បីពង្រីកផ្លូវ និងដាំដើមឈើសម្រាប់លើកកម្ពស់សោភ័ណភាពបរិស្ថាន។
លោក សុខ លូ បានក្រើនរំឭកដល់អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ឱ្យបន្តដាំដើមឈើឱ្យបានកាន់តែច្រើននៅតាមទីប្រជុំជន និងតាមដងផ្លូវទូទាំងខេត្តបាត់ដំបង។ ជាមួយគ្នានេះ លោកបានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងមន្ទីរបរិស្ថាន ឱ្យខិតខំបណ្ដុះកូនឈើព្រៃសម្រាប់ដាំតាមដងផ្លូវសាធារណៈ និងកូនឈើហូបផ្លែសម្រាប់ចែកជូនប្រជាពលរដ្ឋដាំនៅតាមលំនៅឋាន។
អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបងបានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» ដែលផ្តួចផ្តើមឡើងដោយលោកអភិបាលខេត្ត។ ការដាំដើមឈើនេះត្រូវបានចាត់ទុកថា មានសារៈសំខាន់ខ្លាំងណាស់ក្នុងការកាត់បន្ថយកម្ដៅផែនដី លើកកម្ពស់សោភ័ណភាព និងបង្កើតបរិស្ថានបៃតងប្រកបដោយនិរន្តរភាពសម្រាប់ក្រុងបាត់ដំបងទាំងមូល៕
















