ដំណើរទស្សនកិច្ចនាវា HMS Tamar ស្តែងឱ្យឃើញពីការពង្រឹងដៃគូការពារជាតិកម្ពុជា ព្រីតថេន (UK) (Video inside)
22-08-2026 14:48
(ខេត្តព្រះសីហនុ)៖ នាវា HMS Tamar (P233) នៃកងទ័ពជើងទឹកភូមិន្ទព្រីតថេន (British Royal Navy) កំពុងបំពេញដំណើរទស្សនកិច្ចរយៈពេល ៨ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ដែលជានិមិត្តរូបនៃការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងរកម្ពុជា និងព្រីតថេន។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញព័ត៌មាន Fresh News លោក Tom Lindsey មេបញ្ជាការនាវា HMS Tamar បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ព្រីតថេនក្នុងការរឹតចំណងដៃគូជាមួយកម្ពុជា និងការពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យការពារជាតិនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
លោក Tom បានថ្លែងថា៖ «គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់យើងមកកាន់ប្រទេសកម្ពុជា គឺដើម្បីបង្ហាញពីទំនាក់ទំនងដៃគូរវាងរាជាណាចក្ររួមនៃព្រីតថេន និងកម្ពុជា ព្រមទាំងបង្ហាញពីទំនាក់ទំនងលើវិស័យការពារជាតិដ៏រីកចម្រើនយ៉ាងឆាប់រហ័សរវាងប្រទេសទាំងពីរ»។
នាវា HMS Tamar បានធ្វើដំណើរមកដល់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ នេះក៏ជាដំណើរទស្សនកិច្ចលើកទី៣ របស់កងទ័ពជើងទឹកភូមិន្ទព្រីតថេនមកកាន់កម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ មក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាវា HMS Spey ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤។
លោក Tom Lindsey បានគូសបញ្ជាក់អំពីផលប្រយោជន៍រួមលើសន្តិសុខសមុទ្រ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដោយបានកត់សម្គាល់ថា ប្រទេសទាំងពីរពឹងផ្អែកលើផ្លូវសមុទ្រដែលមានសុវត្ថិភាព និងការបើកចំហច្រកកំពង់ផែ ដើម្បីទ្រទ្រង់ជីវភាពសេដ្ឋកិច្ច និងភាពរីកចម្រើនរុងរឿង។
លោកក៏បានសម្តែងនូវការស្វាគមន៍ចំពោះការចូលរួមរបស់កម្ពុជាជាមួយដៃគូអន្តរជាតិ ដោយបានបញ្ជាក់ថាព្រីតថេនគាំទ្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ ហើយចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ក្រុមនាវិកនៃនាវា HMS Tamar នឹងផ្លាស់ប្តូរបទពិសោធន៍ជំនាញ និងការហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកភូមិន្ទកម្ពុជា រួមមាន៖ ជំនាញសង្គ្រោះបឋម ការថែទាំអ្នករងគ្រោះ និងជំនាញជួសជុល (Damage Control) ព្រមទាំងការចូលរួមសកម្មភាពសង្គមជាមួយសហគមន៍មូលដ្ឋាន និងការឈ្វេងយល់ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីការរឹតចំណងកិច្ចសហប្រតិបត្តិការផ្លូវទឹកកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ និងជាការបន្តពង្រឹងបន្ថែមលើសមិទ្ធផលនៃបេសកកម្មរបស់នាវា HMS Spey កន្លងមក ក៏ដូចជាការបណ្តុះបណ្តាលនាយនាវិកកម្ពុជា នៅមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទ Britannia (Britannia Royal Naval College)។
នាវា HMS Tamar ជាប្រភេទនាវា Offshore Patrol Vessel ថ្នាក់ River-class ដែលត្រូវបានដាក់ឱ្យបំពេញបេសកកម្មនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចាប់តាំងពីឆ្នាំ២០២១ ដោយអនុវត្តភារកិច្ចសន្តិសុខសមុទ្រ ជំនួយមនុស្សធម៌ និងបេសកកម្មទំនាក់ទំនងក្នុងតំបន់។
លោក Tom Lindsey បានបន្ថែមថា៖ «យើងពិតជាមានសេចក្តីរំភើបរីករាយ និងទន្ទឹងរង់ចាំឱកាសក្នុងការជួបប្រាស្រ័យទាក់ទងជាមួយប្រជាជនកម្ពុជាឱ្យបានកាន់តែច្រើន និងទស្សនាប្រទេសដ៏ស្រស់ស្អាតមួយនេះ»។












