FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តក្រចេះ រៀបចំទីទួលសុវត្ថិភាព «ទួលតាឃីន» ត្រៀមជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ ឆ្លើយតបនឹងគ្រោះទឹកជំនន់

22-08-2026 14:48

(ក្រចេះ)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន វណ្ណា អភិបាលរងខេត្តក្រចេះ បានដឹកនាំក្រុមការងារ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខតាមខ្នងផ្ទះពលរដ្ឋដែលរងការលិចលង់ដោយទឹកជំនន់ និងត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ក្រុមការងារក៏បានចុះរៀបចំទីទួលសុវត្ថិភាព «ទួលតាឃីន» ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដើម្បីត្រៀមលក្ខណៈបោសសម្អាត និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងសត្វពាហនៈមកកាន់ទីតាំងសុវត្ថិភាព ករណីមានគ្រោះអាសន្នកើតឡើង។

នៅក្នុងសកម្មភាពចុះពិនិត្យផ្ទាល់នេះ ក្រុមការងារអាជ្ញាធរខេត្ត ស្រុក និងឃុំ រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរួមគ្នាកាប់ឆ្ការព្រៃ ស្មៅ និងសម្អាតបរិវេណទួលតាឃីន ដើម្បីធានានូវអនាម័យ សុវត្ថិភាព និងបង្កើតលំហទំនេរគ្រប់គ្រាន់សម្រាប់កន្លែងជ្រកកោនបណ្តោះអាសន្ន។

កាលពីថ្ងៃទី២១ ខែសីហា អាជ្ញាធរឃុំបុសលាវ បានប្រកាសអំពាវនាវ ឱ្យប្រជាពលរដ្ឋមួយចំនួននៅក្នុងតំបន់ប្រឈម មានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈដឹកជញ្ជូនសម្ភារៈ ស្បៀងអាហារ និងសត្វពាហនៈ បញ្ជូនទៅកាន់ ទីទួលសុវត្ថិភាព ដោយសារតាមការព្យាករណ៍ពីស្ថានភាពកម្ពស់ទឹកជំនន់ទន្លេមេគង្គបានហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

ជាក់ស្ដែងរហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្ពស់ទឹកទន្លេមេគង្គបានកើនឡើងដល់កម្រិត ២១.៨២ម៉ែត្រ កៀកនឹងកម្រិតប្រកាសអាសន្ន ហើយប្រជាពលរដ្ឋនៅភូមិព្រែកកូវ ភូមិព្រះកន្លង និងតំបន់ប្រឈមមួយចំនួន ផ្សេងទៀតបានបញ្ជូនសត្វពាហនៈរបស់ខ្លួន ទៅកាន់ទីទួលសុវត្ថិភាព ជាបណ្តើរៗហើយ ដើម្បីចៀសវាងការខូចខាត ឬគ្រោះថ្នាក់ដែលកើតមានឡើងជាយថាហេតុនៅពេលកម្រិតទឹកទន្លេបន្តកើនឡើង។

លោក ម៉ែន វណ្ណា បានណែនាំអាជ្ញាធរស្រុកចិត្របុរី និងអាជ្ញាធរឃុំបុសលាវ ត្រូវបន្តតាមដានការវិវត្តនៃកម្ពស់ទឹកជាប្រចាំ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។

លោកបានសង្កត់ធ្ងន់ថា សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងបំផុត ហើយគ្រប់ផ្នែកទាំងអស់ត្រូវត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ ដើម្បីជួយសង្គ្រោះ និងសម្រួលដល់ការជម្លៀសបានទាន់ពេលវេលា៕