រដ្ឋមន្ត្រីក្រសួងអប់រំ លើកទឹកចិត្តសិស្សជ័យលាភី The Young Master Challenge Global Final 2026 ឱ្យបន្តខិតខំសិក្សា និងអភិវឌ្ឍខ្លួន
22-08-2026 12:22
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយមាតាបិតា និងអ្នកអាណាព្យាបាល ព្រមទាំងប្អូនៗសិស្សជ័យលាភីទាំង១៣រូប នៃកម្មវិធី The Young Master Challenge Global Final 2026 ដែលបានតំណាងកម្ពុជា ចូលរួមប្រកួតនៅ Queen Mary University of London ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ការចូលជួបសម្តែងការគួរសម និងសំណេះសំណាលនេះ ដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងទទួលបន្ទុកដេប៉ាតឺម៉ង់ ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ និងជាប្រធានសមាគមអ្នកគណិតវិទ្យាកម្ពុជា ព្រមទាំងមានការចូលរួមពីមាតាបិតា អ្នកអាណាព្យាបាល សិស្សជ័យលាភី និងអ្នកពាក់ព័ន្ធ។
ជាកិច្ចចាប់ផ្តើម លោកបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន បានរាយការណ៍ជូន លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អំពីការចូលរួម និងសមិទ្ធផលដ៏គួរឱ្យមោទនភាព របស់សិស្សកម្ពុជា ក្នុងកម្មវិធី The Young Master Challenge Global Final 2026។ ក្នុងកម្មវិធីនេះ សិស្សកម្ពុជាចំនួន ១៣រូប មកពីគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនចំនួន ៨គ្រឹះស្ថាន បានចូលរួមប្រកួតប្រជែងជាមួយសិស្សមកពី ៣៣ប្រទេស ដោយការប្រកួតមានទាំងវិញ្ញាសាបុគ្គល និងការប្រកួតជាក្រុម ដែលផ្តោតលើចំណេះដឹងគណិតវិទ្យា ការគិតបែបវិភាគ ការដោះស្រាយបញ្ហា សមត្ថភាពសហការ និងការធ្វើការងារជាក្រុម។
ជាលទ្ធផល សិស្សកម្ពុជាទាំង១៣រូប សុទ្ធតែទទួលបានមេដាយក្នុងការប្រឡងផ្ទាល់ជាបុគ្គល រួមមាន មេដាយមាសចំនួន៣ មេដាយប្រាក់ចំនួន ៥ និងមេដាយសំរឹទ្ធចំនួន ៥។ ដោយឡែក ក្នុងការប្រឡងជាក្រុម សិស្សកម្ពុជាបានចូលរួមចំនួន ៤ក្រុម និងទទួលបានពានជ័យលាភីចំនួន ៣ក្រុម រួមមាន ពានមាស ១ក្រុម ពានប្រាក់ ១ក្រុម និងពានសំរឹទ្ធ ១ក្រុម ដោយអមជាមួយមេដាយជូនសមាជិកក្រុមនីមួយៗ។
សមិទ្ធផលដ៏ត្រចះត្រចង់នេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពផ្នែកគណិតវិទ្យារបស់សិស្សកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការគិតតាមតក្កវិជ្ជា ការគិតវិភាគ ការដោះស្រាយបញ្ហា ការធ្វើការជាក្រុម ការទំនាក់ទំនង ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងពេលវេលា និងការសម្រេចចិត្តក្រោមសម្ពាធ។ ទន្ទឹមនឹងនេះ ការចូលរួមកម្មវិធីអន្តរជាតិនេះ បានផ្តល់ឱកាសដល់សិស្សកម្ពុជាក្នុងការវាស់វែងសមត្ថភាពរបស់ខ្លួនជាមួយស្តង់ដារអន្តរជាតិ ផ្លាស់ប្តូរបទពិសោធជាមួយសិស្សមកពីបណ្តាប្រទេសនានា និងបង្ហាញពីសក្តានុពលរបស់យុវជនកម្ពុជានៅលើឆាកពិភពលោក។
ក្នុងឱកាសនោះ មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សជ័យលាភី បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនចំពោះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាល ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់គាំទ្រ និងផ្តល់ឱកាសដល់សិស្សកម្ពុជាក្នុងការចូលរួមកម្មវិធីប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។
អ្វីដែលកាន់តែមានអត្ថន័យនោះ គឺក្រៅពីសមិទ្ធផលលើការប្រកួតប្រជែង សមាគមអ្នកគណិតវិទ្យាកម្ពុជា មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សជ័យលាភី ក៏បានរួមគ្នារៃអង្គាសថវិកា ដើម្បីចូលរួមជួយដល់កុមាររងគ្រោះដោយសារសង្គ្រាមនៅតំបន់ជាយដែន។ សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីស្មារតីមនុស្សធម៌ ការចេះចែករំលែក សាមគ្គីភាព និងទំនួលខុសត្រូវចំពោះសង្គម ព្រមទាំងបង្ហាញថា ការអប់រំមិនត្រឹមតែមានគោលដៅបណ្តុះបណ្តាលអ្នកមានចំណេះដឹង និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះយុវជន ឱ្យមានគុណធម៌ សេចក្តីមេត្តាករុណា និងទំនួលខុសត្រូវចំពោះសង្គម និងប្រទេសជាតិផងដែរ។
ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផលដ៏ល្អប្រសើររបស់សិស្សជ័យលាភីទាំង ១៣រូប ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលដ៏គួរឱ្យមោទនភាពជូនខ្លួនឯង ក្រុមគ្រួសារ សាលារៀន និងប្រទេសជាតិ។ ទន្ទឹមនឹងនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះមាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន សាលារៀន និងអង្គភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បណ្តុះបណ្តាល លើកទឹកចិត្ត និងគាំទ្រដល់សិស្សឱ្យមានឱកាសអភិវឌ្ឍសមត្ថភាព និងចូលរួមប្រកួតប្រជែងនៅកម្រិតអន្តរជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះស្មារតីមនុស្សធម៌របស់មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សជ័យលាភី ដែលបានរួមគ្នារៃអង្គាសថវិកា ជួយដល់កុមាររងគ្រោះដោយសារសង្គ្រាមនៅតំបន់ជាយដែន ដែលជាការបង្ហាញឱ្យឃើញថា យុវជនកម្ពុជាមិនត្រឹមតែមានសមត្ថភាព ផ្នែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានស្មារតីចេះជួយគ្នា ចេះចែករំលែក និងមានទំនួលខុសត្រូវចំពោះសង្គមផងដែរ។
លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្អូនៗសិស្សឱ្យបន្តខិតខំសិក្សារៀនសូត្រ ពង្រឹងចំណេះដឹងគណិតវិទ្យា ការគិតតាមតក្កវិជ្ជា ការគិតបែបវិភាគ និងការដោះស្រាយបញ្ហា សមត្ថភាពសហការ ការធ្វើការងារជាក្រុម និងជំនាញសតវត្សទី២១ ព្រមទាំងបន្តអភិវឌ្ឍសមត្ថភាពភាសាបរទេស បច្ចេកវិទ្យា ការស្រាវជ្រាវ និងជំនាញសង្គម ដើម្បីត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព គុណធម៌ និងទំនួលខុសត្រូវ ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងប្រទេសជាតិនាពេលអនាគត។
ទន្ទឹមនឹងនេះ ការទទួលបានលទ្ធផលជោគជ័យក្នុងកម្មវិធី The Young Master Challenge Global Final 2026 បានបង្ហាញពីសក្តានុពលខ្ពស់របស់យុវជនកម្ពុជា ក្នុងការប្រកួតប្រជែងនៅកម្រិតអន្តរជាតិ ប្រសិនបើពួកគេទទួលបានឱកាស ការបណ្តុះបណ្តាល និងការគាំទ្រត្រឹមត្រូវ។ ការបន្តជំរុញឱ្យសិស្សកម្ពុជាចូលរួមកម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងកម្មវិធីអប់រំអន្តរជាតិនានា នឹងរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។
ជាចុងបញ្ចប់ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជូនពរដល់ប្អូនៗសិស្សជ័យលាភីទាំង ១៣រូប ឱ្យបន្តទទួលបានជោគជ័យត្រចះត្រចង់ក្នុងការសិក្សា និងការប្រកួតប្រជែងនានា នាពេលអនាគត ព្រមទាំងលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីខិតខំរៀនសូត្រ ការចេះចែករំលែក ការជួយគ្នា និងការចូលរួមធ្វើសកម្មភាព ដែលមានប្រយោជន៍សម្រាប់សង្គម និងប្រទេសជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់មាតាបិតា អ្នកអាណាព្យាបាល គ្រូបង្រៀន សាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ប្អូនៗកន្លងមក៕













